ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកភាគខាងជើងពីភ្នំពេញ-ប៉ោយប៉ែត ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច។
ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ ឆ្នាំ២០២២ នាថ្ងៃ១៦ កុម្ភៈ លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញ ក្រសួងធ្វើការសិក្សាឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកអាទិភាព ជាអាទិ៍៖ គម្រោងផ្លូវរថភ្លើងធុន ស្រាលតភ្ជាប់ ពីក្រុងសៀមរាប ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ , គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ , គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុង រាជធានីភ្នំពេញ និងគម្រោងផ្លូវដែកល្បឿនលឿនដែលត្រូវធ្វើឡើងជាកញ្ចប់ ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និងសម្រាប់ការតភ្ជាប់ក្នុងតំបន់ ជាពិសេសការតភ្ជាប់រហូតទៅដល់ប្រទេសចិន។
លោកឧបនាយករដ្ឋមន្ដ្រីបញ្ជាក់ថា «ចំពោះមុខនេះ ខ្ញុំសូមស្នើក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឲ្យបានច្បាស់ លាស់ និងគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត ទាំងល្បឿនលឿន និងល្បឿនធម្មតា ដើម្បីលើកជាយោបល់គ្រប់ជ្រុងជ្រោយ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច»។
លោកបន្ថែមទៀតថា ក្រសួងក៏ត្រូវបន្តជំរុញការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿន ទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសប៉ូលសេដ្ឋកិច្ចទី៣ , ផ្លូវល្បឿនលឿនពីភ្នំពេញឆ្លងកាត់ខេត្តកំពង់ធំ ទៅក្រុងសៀមរាបដែលនឹងផ្ដល់ អត្ថប្រយោជន៍ និងប្រសិទ្ធភាពសេដ្ឋកិច្ច-សង្គម ។
សូមបញ្ជាក់ថា គម្រោងផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ប៉ោយប៉ែតនេះ មានប្រវែង៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគ ជាង៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ គម្រោងត្រូវបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ។
គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឲ្យទៅជាផ្លូវរថភ្លើងល្បឿនលឿននេះ គឺជាគម្រោង ផ្តោតចម្បង លើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិរវាងកម្ពុជា និងថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។គម្រោងនេះ នឹងក្លាយជាផ្លូវដែកល្បឿនលឿន ស្ដង់ដារដំបូងគេបំផុតនៅកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវ ដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ទាំងនៅក្នុងប្រទេស និងភ្ជាប់ទៅក្រៅប្រទេស ផងដែរ៕