ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានិត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម ជាខេត្តអស់មីន

កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច រួមជាមួយប្រតិភូអមដំណើរជាច្រើនទៀត នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែគុម្ភៈ ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសខេត្តកំពង់ចាម ជាខេត្តអស់មីន ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយសុឆន្ទៈយ៉ាងក្លៀវក្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចគាំពារ ការការពារសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍជូនដល់ប្រជាជន និងប្រទេសជាតិ ដើម្បីឱ្យរួចចាកផុតទុក្ខពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការសង្គ្រោះជីវិត ការកាត់បន្ថយភាពក្រីក្រ ការស្តារសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈគម្រោងសម្ដេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ចាប់ពីខែសីហាឆ្នាំ២០២២មក បានធ្វើការបោសសម្អាតចម្ការមីន ដែលនៅសេសសល់ក្នុងទឹកដីខេត្តកំពង់ចាម ចំនួន ១១ចម្ការ ស្ថិតនៅក្នុងស្រុកចំនួន៤ រួមមាន៖ ស្រុកបាធាយ ២ចម្ការ ស្រុកចំការលើ ២ចម្ការ ស្រុកស្ទឹងត្រង់ ២ចម្ការ និងស្រុកកងមាស ៥ចម្ការ ដែលមានផ្ទៃដីសរុបចំនួន ១.០០៣.១៣៦ម៉ែត្រក្រឡា និងបានកម្ទេចចោលមីនប្រឆាំងមនុស្ស ចំនួន ៣៩គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៣គ្រាប់ ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា បានមានប្រសាសន៍ថា សម្រាប់ខេត្តកំពង់ចាម អង្គភាពស៊ីម៉ាក់បានពង្រាយ កម្លាំងប្រតិបត្តិការ បោសសម្អាតជាខេត្តគ្មានគ្រាប់មីន ប្រឆាំងមនុស្ស ចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ និងបានបញ្ចប់ជាស្ថាពរ នៅចុងខែវិច្ឆិកាឆ្នាំ ២០២២កន្លងទៅនេះ ។

លោក ហេង រតនា បញ្ជាក់ថា ជាលទ្ធផលអង្គភាព បានបោសសម្អាត គ្រាប់មីន ទាំងនៅក្នុងតំបន់រងផលប៉ះពាល់ដែលនៅសល់ និងបានកំណត់ត្រា នៅក្នុងប្រព័ន្ធទិន្នន័យជាតិ ក្នុងខេត្តកំពង់ចាម ចំនួន ១១ ចំការមីន មានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា ។ គ្រប់រកឃើញ និងកម្ទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ៣៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣២គ្រាប់ ។ លទ្ធផលនៃប្រតិបត្តិការនេះ ជាសមិទ្ធផលចុងក្រោយ នៅកិច្ចប្រតិបត្តិការដែលត្រូវបិទបញ្ចប់តំបន់ មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំង មនុស្សនៅក្នុងខេត្តកំពង់ចាមទាំងស្រុង ។

លោក ហ៊ុន ម៉ានិត បានយកឱកាសនេះគាត់សរសើរដល់ក្រុមការងារប្រតិបត្តិ និងថ្លែងអំណរគុណ ប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនជាតិនិងអន្តរជាតិ ដែលបានចូលរួមក្នុងវិស័យដោះមីននេះ នារយៈពេលកន្លងមក ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ទៀតថា ប្រសិនបើគ្មានការចូលរួមពីបណ្តា ប្រទេសជាមិត្ត ក៏ដូចជាសប្បុរសជនទាំងអស់នោះទេ ល្បឿននៃការដោះមានរបស់យើងក៏មិនអាចធ្វើទៅបានដូចពេលនេះដែរ ដោយហេតុថាត្រូវការកម្លាំងផង ត្រូវការថវិកាផង ដើម្បីធ្វើការ។ ហើយការដោះមីននេះ មិនត្រឹមតែការពារអាយុជីវិត របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជំរុញឲ្យមានការអភិវឌ្ឍ នៅក្នុងតំបន់នីមួយៗផងដែរ ពោលគឺ ពេលដែលដោះមីនអស់ហើយ យើងនិងជំរុញទៅឲ្យក្រសួងកសិកម្ម ឬប្រជាពលរដ្ឋ យកទៅធ្វើការអភិវឌ្ឍ ក៏ដូចជាការជំរុញការដាំដុះ ក្នុងគោលបំណងបង្កើនជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ៕

To Top