ព័ត៌មានជាតិ

ទូត៤ប្រទេស នឹងជំរុញវិនិយោគិន របស់ខ្លួន ឱ្យមកបណ្តាក់ទុន នៅកម្ពុជា

ភ្នំពេញ ៖ មន្រ្តីការទូតជាន់ខ្ពស់ នៃប្រទេស ស៊ុយអ៊ែត ណវ៉េ ដេនម៉ាក និងហ្វាំងឡង់ បានអះអាង ពីការជំរុញកៀរគរ អ្នកវិនិយោគទុន របស់ខ្លួនឱ្យមកបណ្ដាក់ទុន រកស៊ីនៅកម្ពុជា បន្ថែមទៀត ។

ក្នុងឱកាសអនុញ្ញាត ឱ្យឯកអគ្គរាជទូត រដ្ឋទូត នៃប្រទេសចំនួន៤ (ក្រុមប្រទេស Nordic) ប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានសំដែងការអរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយប្រទេសស៊ុយអែត លើគម្រោងជាច្រើន ជាពិសេស ទៅលើគម្រោង កសាង សមត្ថភាព ក្នុងការផ្តល់សេវា ទីផ្សារការងារ និងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសការងារ តាមរយ:ការលើកកម្ពស់ សិទ្ធិការងារ សេរីភាពអង្គការវិជ្ជាជីវ: និងលក្ខខណ្ឌការងារ ដែលបានជួយគាំទ្រ លើការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសវិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈដែលធ្វើឱ្យទទួលស្គាល់ ជាប្រទេស ដែលអនុវត្ត បានកាន់តែប្រសើរអនុលោម ទៅតាមបទដ្ឋានការងារ អន្តរជាតិដែលជាកត្តា មួយយ៉ាងសំខាន់ ក្នុងការផ្តល់នូវជំនឿ ទុកចិត្តដល់បណ្តា អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ទំនិញ។

លោករដ្ឋមន្ត្រី លើកឡើងថា កម្ពុជាបាននិងកំពុង បន្តពង្រឹង ការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារដើម្បីឆ្លើយតបទៅ នឹងតម្រូវការនៃការធានា បាននូវលក្ខខណ្ឌការងារល្អប្រសើរ និង ភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ ។ ពង្រឹងការអនុវត្តច្បាប់ ស្តីពីសហជីព ដើម្បីធានានូវសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ដែលតំណាងឱ្យសំឡេង និងឆន្ទៈពិតប្រាកដរបស់កម្មករនិយោជិត និយោជក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្រប ច្បាប់របស់គាត់ និងជាដៃគូសន្ទនាដ៏មានប្រសិទ្ធភាពក្នុងកិច្ចសន្ទនាសង្គម កិច្ចព្រមព្រៀងជាសកល (Global Deal Initiative) ការបន្តអនុវត្ត បានយ៉ាងល្អ នូវយន្តការត្រីភាគីក្នុងចរចា និងដោះស្រាយបញ្ហានានា ប្រកបដោយជោគជ័យ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា និងការបន្តពង្រឹង យន្តការក្រុមប្រឹក្សា អាជ្ញាកណ្តាលសុទ្ធជាធាតុផ្សំ នៃការកសាងជំនឿទុកចិត្ត របស់អ្នកវិនិយោគទុន ប្រទេសទាំងនេះនៅកម្ពុជា។
ក្រុមមន្រ្តីទូតទាំងអស់ បានសំដែងនូវកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរីកចម្រើន របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសក្នុងដំណាក់កាល នៃការរាតត្បាតជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា បានគ្រប់គ្រង បានយ៉ាងល្អ ដែលអាចជួយសង្គ្រោះអាយុជីវិតប្រជាជន ហើយឈានទៅបើកដំណើរ ការសកម្មភាពសេដ្ឋកិច្ច សង្គមឡើងវិញ ពេញលេញលើគ្រប់វិស័យ ។ ទន្ទឹមនឹងនេះ ក្រុមមន្រ្តីទូតបានសំដែង នូវការកោតសសើរ ចំពោះការវិវត្តន៍រីកចម្រើន នៃវិស័យការងារ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រសើឡើង នូវកិច្ចសន្ទាសង្គម សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ កាត់បន្ថយបាននូវិវាទការងារ មានយន្តការត្រីភាគី ច្បាស់លាស់ដោះស្រាយការងារដោយឯករាជ្យ និងតម្លាភាព ។

រដ្ឋមន្រ្តីក្រសួងការងារ និងមន្រ្តីអង្គទូតបានឯកភាព នឹងបន្តរួមគ្នា លើកិច្ចសហប្រតិបត្តិ លើគម្រោងផ្សេងទៀត ដែលប្រទេសទាំងនេះ មានគំរូដ៏ល្អ សម្រាប់ចែករំលែកបទ ពិសោធន៍សំដៅគាំទ្រ ក្នុងការធ្វើឱ្យប្រសើរថែមទៀត ទាំងលើសេវាទីផ្សារការងារ ការកសាងធនធាន មនុស្សដែលមានជំនាញ វិជ្ជាជីវៈ ជាកម្លាំងពលកម្មជំនាញ ការធានានូវ សិទ្ធិសេរីភាព អង្គការវិជ្ជាជីវ លក្ខខណ្ឌការងារ និងការប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស ដើម្បីបន្តបង្កើននូវការជឿជាក់ និងភាពទាក់ទាញ ដល់អ្នកវិនិយោទុន និងអ្នកប្រើប្រាស់ទំនិញ មកលើប្រភពទំនិញពីកម្ពុជា ដែលជាប្រទេសអនុវត្តតាមអនុលោមភាព នៃបទដ្ឋានការងារអន្តរជាតិ ៕

To Top