ព័ត៌មានជាតិ

អគ្គលេខាធិការអង្គការណាតូ ជំរុញឲ្យរដ្ឋជាសមាជិក ពង្រីកកញ្ចប់ថវិកា ការពារជាតិ កាន់តែធំ

ព្រុចសែល៖ អគ្គលេខាធិការនៃសម្ព័ន្ធភាពលោក Jens Stoltenberg បានឲ្យដឹងថា រដ្ឋជាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គួរតែប្តេជ្ញាចំណាយយ៉ាងហោចណាស់ ២ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) របស់ពួកគេលើវិស័យការពារជាតិ នៅឆ្នាំក្រោយ។

លោកកំពុងថ្លែងទៅកាន់ អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិ ណាតូ នៅទីនេះ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ សម្រាប់សន្តិសុខរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោកបានលើកឡើងថា “ឥឡូវនេះប្រទេសជាច្រើនទៀត កំពុងចំណាយយ៉ាងហោចណាស់ ពីរភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ពួកគេ លើវិស័យការពារជាតិ។ ហើយឆ្នាំ២០២២ គឺជាឆ្នាំទី៨ ជាប់ៗគ្នានៃការកើនឡើង ការចំណាយលើវិស័យការពារ ដោយសម្ព័ន្ធមិត្តអឺរ៉ុប និងកាណាដា។ ជាមួយនឹងការវិនិយោគបន្ថែមចំនួន ៣៥០ពាន់លានដុល្លារអាមេរិក និន្នាការនេះត្រូវបានគេរំពឹងថានឹងបន្ត ប៉ុន្តែ​ត្រូវ​ធ្វើ​ច្រើន​ទៀត”។

សម្ព័ន្ធមិត្តណាតូ បានព្រមព្រៀងគ្នាក្នុងឆ្នាំ២០១៤ ដើម្បីឆ្ពោះទៅរកការចំណាយ ២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារជាតិនៅឆ្នាំ២០២៤ ។

លោកបានលើកឡើងថា សម្ព័ន្ធមិត្តបានយល់ព្រមលើតម្រូវការក្នុងការធ្វើការរួមគ្នាជាមួយឧស្សាហកម្មការពារជាតិ ដើម្បីបង្កើនសមត្ថភាពឧស្សាហកម្ម ពីព្រោះអ៊ុយក្រែន ដែលពួកគេកំពុងផ្តល់ការគាំទ្រដែលមិនធ្លាប់មានពីមុនមក គឺ “ប្រើប្រាស់គ្រាប់រំសេវសម្ព័ន្ធមិត្តយ៉ាងច្រើន និងបំផ្លាញឃ្លាំងស្តុករបស់យើង “។

លោកបានបន្ដថា រដ្ឋមន្ត្រីក៏បានពិភាក្សាផងដែរ អំពីសុវត្ថិភាព នៃហេដ្ឋារចនាសម្ព័ន្ធ ក្រោមសមុទ្រដ៏សំខាន់បន្ទាប់ ពីការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរឧស្ម័ន Nord Stream៕

ប្រែសម្រួល ឈូក បូរ៉ា

To Top