ព័ត៌មានជាតិ

កម្ពុជា ស្នើថៃ បន្តការយកចិត្តទុកដាក់ ដល់ពលករខ្មែរ

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានស្នើឲ្យរដ្ឋាភិបាលថៃ បន្តផ្តល់ការ យកចិត្តទុកដាក់ ចំពោះពលករខ្មែរ និងបន្តផ្ដល់អាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា ផងដែរ។

ការស្នើរបស់លោក ប្រាក់ សុខុន បែបនេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក ឆឺតកៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថ្មីថៃ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃ១៦ កុម្ភៈ ។

ការស្នើរបស់មន្រ្តីជាន់ខ្ពស់កម្ពុជានេះ ស្របពេលកាលពីចុងឆ្នាំ២០២២ មានពលករខ្មែរមួយចំនួនកំពុងធ្វើការនៅថៃ ព្រួយបារម្ភ ក្រោយអាជ្ញាធរថៃ បានរឹតបន្តឹងច្បាប់ការងារ ដោយសារក្រុមហ៊ុនខ្លះ បានបញ្ជូនពលករទៅធ្វើការនៅថៃ មិនមានឯកសារត្រឹមត្រូវ។

បើតាមមន្រ្តីម្នាក់ផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់គឺថាច្បាប់ការងារនៅថៃ ប្រសិនបើពលករខ្មែរ ចូលមកធ្វើការនៅប្រទេសនេះ តាមរយៈប្រព័ន្ធ MoU និងប្រព័ន្ធច្បាប់ការងារត្រឹមត្រូវ ពលករទាំងនោះមិនមានការ ព្រួយបារម្ភឡើយ ប៉ុន្តែពលករខ្មែរមួយចំនួនមកប្រទេសថៃដោយមិនមានឯកសារគ្រប់គ្រាន់ ដោយសារចំណាយលើការ ធ្វើឯកសារវាមានតម្លៃថ្លៃនោះគឺមានការបារម្ភហើយ ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារ គឺមានពលករកម្ពុជាកំពុងធ្វើការនៅបរទេសជាង១លាន ៣សែននាក់។ ក្នុងនោះជាង១លាន២សែននាក់ ធ្វើការនៅថៃ , ជាង៤ម៉ឺន៥ពាន់នាក់ នៅកូរ៉េខាងត្បូង , ២ម៉ឺន៣ពាន់នាក់ នៅម៉ាឡេស៊ី , ១ម៉ឺន១ពាន់នាក់នៅជប៉ុន , ជាង៨០០នាក់នៅសិង្ហបុរី , ២០០នាក់នៅហុងកុង និង៤៣នាក់ នៅអារ៉ាប៊ីសាអ៊ូឌីត៕

To Top