ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានិត អញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ២ខ្សែ ប្រវែងជាង ១៨គីឡូម៉ែត្រ នៅឃុំបារ៉ាយណ៍ ស្រុកស្រីសន្ធរ

កំពង់ចាម ៖ លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនខេត្តកំពង់ចាម រួមនិងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី ១៧ ខែគុម្ភ: ឆ្នាំ២០២៣ នេះ បានអញ្ជើញបើកការដា្ឋនសាងសង់ផ្លូវបេតុង ២ខ្សែ ប្រវែង ១៨,២៤ គីឡូម៉ែត្រ ដោយខ្សែទី១ ប្រវែង ១១,០៤គីឡូម៉ែត្រ ពីឃុំព្រែករំដេង ដល់ឃុំបារាយណ៏ និងខ្សែទី២ ប្រវែង ៧,២ គីឡូម៉ែត្រ ពីឃុំព្រែកដំបូក ដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ផ្លូវទាំងពីរខ្សែនេះ ពិតជាមានសារៈសំខាន់ និងបានតភ្ជាប់ឃុំបារាយណ៍ ដែលជាឃុំដាច់ស្រយាលមួយ របស់ស្រុកស្រីសន្ធរ និងជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយ របស់ស្រុកស្រីសន្ធរ ក្នុងការដឹកជញ្ជូនកសិផល របស់ប្រជាកសិករពីផ្នែកខាងក្នុងមកកាន់ទីផ្សារ ។ ទន្ទឹមនេះ ជាបណ្តាញគមនាគមន៍ដ៏សំខាន់មួយ ភា្ជប់ទៅកាន់ដែនដីប្រវត្តិសាស្ត្ររបស់កម្ពុជា គឺរាជធានីបុរាណទូលបាសានសតវត្សទី ១៥ ដែលនឹងបង្កើតរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ មកកាន់តែកៀក និងបង្កើនការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិទៅកាន់តំបន់ ប្រវត្តិសាស្ត្រនេះបន្ថែមទៀត នៅពេលផ្លូវទាំងពីរ ខ្សែនេះបានស្ថាបនារួច។

លោក ហ៊ុន ម៉ានិត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ផងដែរថា បន្ទាប់ពីផ្លូវបានសាងសង់រួច សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ចូលរួមចំណែកថែទាំផ្លូវទាំងនេះផង ជាពិសេសការដឹកជញ្ជូនកសិផល កុំដឹកឱ្យលើសទម្ងន់ខ្លាំងពេក ព្រោះអាចធ្វើឲ្យផ្លូវនេះឆាប់ខូច ។ ម្យ៉ាងទៀត ពេលបានផ្លូវល្អហើយ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ជៀសវាងការគ្រោះ ថ្នាក់ចរាចរណ៍ផ្សេងៗ ពិសេសសូមកុំបើកបរក្នុង ស្ថានភាពស្រវឹងហើយ ត្រូវបើកបរគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា ក្រៅពីការបើកការដ្ឋានសាងសង់ផ្លូវ ២ខ្សែខាងលើនេះ លោក ហ៊ុន ម៉ានិត បានឯកភាពជាមួយអាជ្ញាធរខេត្តកំពង់ចាម ធ្វើការសិក្សា និងស្ថាបនាផ្លូវប្រវែងប្រមាណ ១គីឡូម៉ែត្រទៀត ចូលទៅរាជធានីបុរាណទួលបាសាន ជាដែនដីប្រវត្តិសាស្ត្ររបស់កម្ពុជា សតវត្សទី ១៥ ដែលគម្រោងនេះ នឹងត្រូវអនុវត្តបន្តបន្ទាប់ក្រោយពេលស្ថាបនាផ្លូវពីខ្សែជាង ១៨ គីឡូម៉ែត្រនោះរួច ៕

To Top