ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួម បើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សូមចូលរួមអបអរសាទរ ចំពោះគម្រោងមានជ័យ រ៉េស៊ីដិនស៍ ដែលសមិទ្ធផលនេះបានកើតចេញពីសមត្ថភាព, ការប្រឹងប្រែង និងការយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិត ទាំងអស់របស់ក្រុមហ៊ុន ស្របពេលដែលកម្ពុជា កំពុងបោះជំហានងើបចេញ ពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងថាមពល ។ ការបើកដំណើរ ការប្រទេសឡើងវិញ នៅក្រោយការអនុវត្តប្រកប ដោយប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចឡើងវិញ ដែលតាមរយៈការព្យាករណ៍ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣ ។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើន កាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩។

លោកបណ្ឌិត លើកឡើងថានតាមរយៈការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា បានបង្ហាញថា វិស័យអចលនទ្រព្យ នឹងនៅតែបន្តដើរតួយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចរយៈពេលកន្លងមកផងដែរ ។ ដូច្នេះ ការបន្តរីកចម្រើនលូតលាត់ នៃវិស័យអចលនទ្រព្យ គឺជាគោលដៅដ៏សំខាន់មួយ ដែលមានកំណត់នៅក្នុងគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

លោក បន្តថា ខណៈដែលសេដ្ឋកិច្ចរបស់កម្ពុជាកំពុង ងើបឡើងវិញប្រកបដោយក្តីសង្ឃឹម, ការរីកចម្រើន នៃវិស័យអចលនទ្រព្យ ក៏បានឆ្លុះបញ្ចាំង អំពីការរីកចម្រើននៃកម្រិតជីវភាព របស់ប្រជាជនកម្ពុជា ជាពិសេសការកើនឡើង នៃចំនួនប្រជាជន ដែលមានចំណូលមធ្យម រួមជាមួយនឹងការកើនទ្បើង នូវតម្រូវការលំនៅដ្ឋាន ដែលមានផាសុកភាព និងមានសុខដុមភាពទៅនឹងបរិស្ថាននៃការរស់នៅ ជាអាទិ៍៖ ការបង្កើតឱ្យមានទីធ្លា និងសួនសាធារណៈ, ការរក្សាលំហរបៃតង, ការផ្តល់សេវាគ្រប់គ្រងសំណល់, ការគិតគូរទៅលើលំហូរចរាចរណ៍, ការគិតគូរទៅលើផាសុកភាពរស់នៅរបស់កុមារ និងមនុស្សចាស់, ព្រមទាំងការឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់ប្រចាំថ្ងៃជាក់ស្តែង ដូចជា៖ មន្ទីរពេទ្យ, សាលារៀន និងសួនសាធារណៈសម្រាប់សម្រាក និងសម្រួលផ្លូវចិត្ត-អារម្មណ៍ ជាដើម ៕















