ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានលើកឡើងថា កត្តាគន្លឹះដ៏សំខាន់មួយដែលនឹងជំរុញឲ្យកម្ពុជា សម្រេចបានគោលដៅអភិឌ្ឍន៍ ប្រកបដោយចីរភាពនោះ គឺការចូលរួម ពីប្រជាពលរដ្ឋទាំងអស់ ក្នុងការទៅទទួលយកសេវាសុខាភិបាល មានវិជ្ជាជីវៈត្រឹមត្រូវ ធានាបានគុណភាព និងសុវត្ថិភាព ។
តាមរយៈសារលិខិតអបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានថ្លែងថា អត្រាស្ត្រីបានទទួលការថែទាំផ្ទៃពោះពីគ្រូពេទ្យជំនាញមុនពេលសម្រាលបានកើនពី៩៥ ដល់៩៩% , អត្រាមរណភាពមាតាបានថយចុះពី ១៧៤ មកនៅ១៥៤ ក្នុងចំណោម១សែនកំណើតរស់ និងអត្រាមរណភាពទារកទើបកើតបានថយចុះពី១៨ មកនៅ៨ក្នុងចំណោម ១ពាន់កំណើតរស់។
សម្ដេចបន្ថែមថា ទន្ទឹមនឹងវឌ្ឍនភាពនេះ ក៏នៅមានក្តីកង្វល់មួយចំនួនទៀត ដែលទាមទារក្រសួងសុខាភិបាល រួមជាមួយដៃគូសហការ ដទៃទៀត ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ រួមកម្លាំងគ្នានិងផ្ដោត ការយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុន ក្នុងការលើកកម្ពស់គុណភាព កាន់តែល្អប្រសើរឡើង ថែមទៀត មានដូចជា សេវា/មធ្យោបាយ ពន្យារកំណើត សម្រាប់ស្ត្រីក្នុងវ័យបន្តពូជ សេវាផ្តល់ការថែទាំដល់ស្ត្រី ជាមាតាក្រោយសម្រាល រួមជាមួយសេវា គាំពារ ថែទាំទារក/កុមារ និង ការផ្ដល់អាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ ដល់ទារក/កុមារ ការលើកកម្ពស់សេវាទប់ស្កាត់ ការចម្លងមេរោគអេដស៍ ពីម្ដាយមកកូនជាដើម ។
ជាមួយគ្នានោះ សម្ដេចបានអំពាវនាវឲ្យ យុវតី ឬស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុ១៥ ទៅ ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាពទៅពិគ្រោះ យោបល់ ទទួលការថែទាំ ឬការព្យាបាល ជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យ ជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះ បណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីជៀសវាងគ្រោះថ្នាក់ និងពិការភាព។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានអំពាវនាវឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារ បណ្តុះបណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ៕