ភ្នំពេញ ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំឲ្យមន្ត្រីគណបក្ស ប្រជាជនកម្ពុជា សាងអំពើល្អឲ្យបានគ្រប់ពេលវេលា ដើម្បីទាញយកបេះដូង ប្រជាពលរដ្ឋ ឲ្យពួកគាត់មានទំនុកចិត្ត អាណិតនិងស្រលាញ់ រហូតឈានដល់បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ ។

ការណែនាំរបស់លោក ឃួង ស្រេង បែបនេះ បានធ្វេីឡើង ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ ជាមួយសមាជិកគណបក្ស ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានខណ្ឌពោធិសែនជ័យ ចំនួន ៥៣២នាក់ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌល អាពាហ៍ពិពាហ៍លាភមង្គល ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងឱកាសនោះ លោកឃួង ស្រេង បានលើកឡើងថា ក្នុងនាមមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា យើងត្រូវបំរើប្រជាពលរដ្ឋ ឲ្យបានគ្រប់ពេលវេលា មិនមែនធ្វើឡើងតែពេលបោះឆ្នោតនោះទេ គឺត្រូវបំរើពួកគាត់៥ឆ្នាំពេញ និងសូមឲ្យរក្សាអំពើល្អនេះ រហូតតទៅ ដើម្បីទាញយកបេះដូងពួកគាត់គោរព អាណិត ស្រលាញ់ និងជឿទុកចិត្ត មកលើមន្ត្រី គណបក្សប្រជាជនកម្ពុជារបស់យើង។

លោកបានបន្ថែមថា ក្នុងនាមសមាជិកបក្សប្រជាជនកម្ពុជា សូមបងប្អូនជួយផ្សព្វផ្សាយពីការពិត នូវស្នាដៃរបស់គណបក្សយើង ឲ្យគេបានដឹង ដើម្បីវាយបក ចំពោះការឃោសនាភូតកុហក របស់ពួកអគតិមួយចំនួន។

លោក ឃួង ស្រេង ក៏បានរំលឹកថា គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត ប្រជាពលរដ្ឋកម្ពុជា ចំនួន២លើករួចមកហើយ ក្នុងនោះទី១ គណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិត ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ចេញពីរបបប៉ុលពតនៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ និងទី២ បានរំដោះអាយុជីវិតប្រជាពលរដ្ឋ ទូទាំងប្រទេស ចេញពីជំងឺកូវីដ-១៩ និងបានបើកឲ្យដំណើរការសេដ្ឋកិច្ច ជាធម្មតាឡើងវិញ។

លោក ឃួង ស្រេង បន្ថែមទៀតថា ប្រទេសជាតិមានសន្តិភាពពេញលេញ ទើបយើងគ្រប់គ្នា មានឱកាសក្នុងការរកស៊ីទទួលទាន និងកសាងអភិវឌ្ឍន៍ប្រទេសរីកចំរើនរុងរឿងបាន។ ដូច្នេះត្រូវគ្នារក្សាសន្តិភាពនេះ ឲ្យបានគង់វង់ និងឲ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត២០២៣ខាងមុខនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោកឃួង ស្រេងបានជម្រុញឲ្យអាជ្ញាធរខណ្ឌ សង្កាត់ មន្ត្រី និងគ្រប់ភាគីពាក់ព័ន ត្រូវបើកយុទ្ធនាការតភ្ជាប់ Channel ផ្លូវការក្នុងបណ្តាញ Telegram សម្ដេចតេជោ ហ៊ុន សែន ឲ្យបានលឿន ពិសេសនៅតាមផ្ទះជួល កម្មករកាត់ដេរជាដើម៕
