ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាបានប្រែក្លាយពីការទទួលទានដើម្បីរស់ឱ្យតែឆ្អែតក្រពះទៅដល់ដំណាក់កាល ទទួលទានឱ្យឆ្អែត ឱ្យឆ្ងាញ់ និងធានាសុខភាព ព្រោះចំណីអាហារខ្លះ មានសារៈសំខាន់ណាស់ សម្រាប់សុខភាពមនុស្ស។
នាឱកាសអញ្ជើញចែកវិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១,៩៤៦នាក់ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើដំណើរយ៉ាងវែងឆ្ងាយ ក្រោយរំដោះប្រទេសជាតិ នាឆ្នាំ១៩៧៩ ហើយពេលនោះ មិនបានគិតអ្វីទាំងអស់ ក្រៅពីហូបឱ្យឆ្អែត ដើម្បីក្រពះតែប៉ុណ្ណោះ។
សម្ដេចតេជោ បញ្ជាក់ថា «ប្រទេសយើងបច្ចុប្បន្នបានដើរឆ្ងាយពីស្ថានភាពក្រោយពីឆ្នាំ១៩៧៩ ដែលនោះ យើងប្រឹងខិតខំធ្វើយ៉ាងម៉េចឱ្យតែរស់ យើងអត់បានគិតអំពីអ្វីដែលហៅថា ទទួលទានទៅប៉ះពាល់ដល់សុខភាពអត់ទេ ឱ្យតែរស់។ ក្រោយមក យើងបានឈានទៅដល់ដំណាក់កាល ធ្វើម៉េចឱ្យបានទទួលទានឆ្អែតហើយ ឱ្យឆ្ងាញ់។ ឥឡូវយើងដល់ដំណាក់កាល ទទួលទានឱ្យឆ្អែត ឱ្យឆ្ងាញ់ ហើយធានាសុខភាពថែមទៀត»។
សម្ដេច នាយករដ្ឋមន្ដ្រី បានបន្ថែមថា សូម្បីសារធាតុគីមី ក៏ត្រូវប្រយ័ត្នប្រយែងសម្រាប់ប្រជាជនខ្មែរ ដែលមានឥទ្ធិពលយូអង្វែងនៅក្នុងការថែទាំខ្លួនប្រាណ ឬជំងឺ ព្រោះចំណីអាហារខ្លះ មានផលអាក្រក់ សម្រាប់សុខភាពរបស់មនុស្ស៕