នយោបាយ

សម្ដេចតេជោ ចាត់ទុកការវាយប្រហារ របស់ក្រុមប្រឆាំង ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុក ការវាយប្រហារទាំងឡាយ របស់ក្រុមប្រឆាំងជ្រុលនិយម នៅក្រៅប្រទេសធ្វើឱ្យ គណបក្សប្រជាជនកម្ពុជា ឈ្នះការឆ្នោតឆ្នោតនាពេលខាងមុខនេះ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សជិត ២ពាន់នាក់ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័ណពាណិជ្ជកម្មជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះអ្នកវាយប្រហារសម្ដេច រហូតដល់ក្នុងឆ្នាំ១៩៩៨ សម្ដេច ដាក់លក្ខខណ្ឌសម្ភាសន៍ជាមួយវិទ្យុបរទេស គឺផ្សាយផ្ទាល់។

សម្ដេចតេជោ «ខ្ញុំ ថា ពួកវិទ្យុអ្នកឯង មិនគួរផ្សព្វផ្សាយនូវសម្ដី បាតផ្សារថោកទាបទេ ហើយខ្ញុំ អរគុណ អ្នកឯង ដែលបាននិយាយអាក្រក់ពីខ្ញុំ ធ្វើឱ្យខ្ញុំឈ្នះឆ្នោត។ ឥឡូវជាថ្មីម្ដងទៀត អ្នកវាយប្រហារខ្ញុំ ស្មើនឹងឱ្យខ្ញុំឈ្នះឆ្នោត សារជាថ្មី។ អ្នកចាត់ទុកយើងជាសត្រូវ និយាយអាក្រក់ពីយើង មានន័យថា យើងធ្វើត្រូវហើយ។ បើអ្នកសរសើរ ទើបគួរឱ្យខ្លាច»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឱ្យដឹងថា ប៉ុន្ដែពួកអ្នកបានបំពានលើរូបសម្ដេច ម្ដងហើយ ម្ដងទៀត រហូតដល់ពេលមួយ មិនទុកឱកាសដល់ក្រុមគ្រួសារសម្ដេច ខណៈក្រុមគ្រួសារសម្ដេច កំពុងកាន់ទុក្ខ។ សម្ដេច ចោទសួរ ថា តើខ្ញុំ អត់ឱនបានទេ? សម្ដេច ក៏បានផ្ដាំផ្ញើដល់ កូន-ចៅ កុំអត់ឱនឱ្យអ្នកនយោបាយ ជ្រុលនិយមនៅក្រៅប្រទេសឱ្យសោះ៕

To Top