ព័ត៌មានជាតិ

សម្តេចតេជោ៖ ការចោទ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ថវិកាជួយតួកគី គឺជាការប្រមាថ និងបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ដ្រី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ការចោទប្រកាន់ លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាផ្ដល់ថវិកាជួយ ទៅដល់ប្រទេសតួកគីនោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ និងជាការបំបែកបំបាក់ផ្ទៃក្នុងគណៈរដ្ឋមន្ដ្រី។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រង ការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការផ្សព្វផ្សាយចោទប្រកាន់លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយដល់តួកគី គឺជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើ រាជរដ្ឋាភិបាលពាក់ព័ន្ធនឹង ការប្រើប្រាស់ថវិកាជាតិ ដែលបញ្ហានេះ ដែលមិនអាចអត់ឱនឱ្យបានឡើយ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ គួរនិយាយបន្ដិច ដើម្បីកុំឱ្យមានការប្រមាថ មាក់ងាយ និងបំបែកផ្ទៃក្នុងគណៈរដ្ឋមន្ដ្រី ដែលកន្លងទៅបានកើតរឿងមួយ ដែលយើងមិនអាចអន់ឱនឱ្យបានទល់តែសោះ នោះគឺត្រង់ថា ហ៊ុន ម៉ាណែត ចុះហត្ថលេខា ជំនួស ឪពុក ដើម្បីបញ្ចេញថវិកា ទៅជួយដល់ប្រទេសតួគី រឿងនេះ ការវាយប្រហារ មិនមែន បញ្ហា ហ៊ុន ម៉ាណែត ដោយឡែកទេ តែជាការប្រមាថ ចំពោះរាជរដ្ឋាភិបាល និងបង្កើតមិនជឿទុកចិត្តគ្នា នៅក្នុងរដ្ឋាភិបាល ហើយខុសជាមួយនឹងច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ ដែលយើងមិនអាចអន់ឱនឱ្យបានទេ។ នៅកម្ពុជា ច្បាប់ថវិកា អនុញ្ញាតឱ្យសម្រាប់តែ នាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។

សម្ដេចតេជោ បន្ដថា ខ្លួនជាឪពុក មិនអាចទទួលយកបានឡើយ ការប្រមាថនេះ។
សម្ដេចបញ្ជាក់ថា វិទ្យុ VOD ដែលផ្សាយខុសការពិតនេះ គឺគ្មានផ្លូវបើកឡើងវិញទេ គេមានចេតនាប្រមាថទាំងឪពុក និងកូន។ សម្តេច ថា លុយដែលគេផ្សាយនាពេលកន្លងទៅរបស់ VOD និងធ្វើសកម្មភាពនានា គឺជាលុយបរទេស។

សម្ដេចតេជោ បន្ថែមថា កុំសង្ឃឹម វិទ្យុមួយនេះ ទៅពឹងបរទេសដើម្បីមកជួយ និយាយក្នុងការបើកឡើងវិញនោះ ប្រទេសនេះជាកម្ពុជា មិនមែនជាប្រទេសរបស់អ្នកឯងទេ។ សម្តេច បានបញ្ជាក់ទៀតថា ការបិទវិទ្យុ VOD មិនមែនជាការបំបិទសិទ្ធិសារព័ត៌មានទេ តែផ្ទុយទៅវិញ គឺជាការលុបបំបាត់ព័ត៌មានក្លែងក្លាយផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌការងាររដ្ឋ ជូនដល់អតីតបុគ្គលិកសារព័ត៌មាន VOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេ បន្ទាប់ពីសារព័ត៌មាននេះត្រូវបានបិទព្រោះការ ការផ្សាយព័ត៌មានខុសនាំឱ្យប៉ះពាល់ ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។ កាន់តែធ្ងន់ធ្ងរនោះ គឺថ្នាក់ដឹកនាំសារព័ត៌មាននេះ មិនផ្សាយបំភ្លឺ និងមិនទទួលស្គាល់ទោស កំហុសលើការផ្សាយរបស់ខ្លួន ៕

To Top