ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់បរទេសកុំពាក់ព័ន្ធ ករណីបិទវិទ្យុ VOD ខណៈវិទ្យុនេះគ្មានថ្ងៃរស់ឡើងវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់មិត្តភក្តិបរទេសទាំងអស់ កុំមកពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ខណៈសម្តេច អះអាងថា វិទ្យុVOD គ្មានថ្ងៃរស់ឡើងវិញឡើយ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ចំនួន ១ ៩៤៦នាក់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីបិទវិទ្យុ VOD ក៏មិនធ្វើឱ្យសេរីភាពសារព័ត៌មានធ្លាក់ចុះដែរ ផ្ទុយទៅវិញគឺជាការពង្រឹងវិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មានបានត្រឹមត្រូវ។

សម្ដេចតេជោ បញ្ជាក់ថា «ជនបរទេសនានា ខ្ញុំបានរំលឹកកុំមកពាក់ព័ន្ធ ប្រទេសនេះប្រទេសកម្ពុជា មិនមែនប្រទេសអស់លោកទេ»។

សម្តេចតេជោ បន្ដថា ការដែលរាជរដ្ឋាភិបាលសម្រេចបិទវិទ្យុ VOD យ៉ាងឆាប់រហ័សនេះ គឺព្រោះតែមានកត្តាជំរុញពី អ្នកបញ្ចេញមតិចំនួន ២នាក់ ដែលស្នើឱ្យសម្តេច ទុកពេលឱ្យ VOD បកស្រាយ និងពិចារណាលើការសម្រេចចិត្ត បិទវិទ្យុមួយនេះឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗថា «កុំរំពឹងថា វិទ្យុវីអូឌី រស់ឡើងវិញឱ្យសោះ»។ សម្តេច នឹងត្រៀមសួរ ទៅបរទេសថា តើការផ្សាយចោទ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយជំនួសសម្តេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងក្លាយ?។ សម្តេច បន្ដថា ការបិទវិទ្យុ វីអូឌី មិនធ្វើឱ្យស្លាប់ប្រជាធិបតេយ្យ នៅកម្ពុជានោះទេ។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី៕

To Top