ព័ត៌មានជាតិ

ការលក់ និងការចែកចាយ បារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហរ នៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗ គ្នាតាមរយៈមិត្តភក្តិ

ភ្នំពេញ ៖ ការលក់ និងការចែកចាយបារីអេឡិចត្រូនិក នៅតែមានយ៉ាងចំហរ នៅតាមប្រព័ន្ធបណ្ដាញសង្គម និងការនិយាយតៗគ្នា តាមរយៈមិត្តភ័ក្តិ ដែលនាំឱ្យសិស្សសាលា ជាច្រើនបានទិញ មកប្រើប្រាស់ បើទោះបីជាបានបង្កផលប៉ះពាល់ខ្លាំង ដល់សុខភាពអ្នកប្រើប្រាស់ និងត្រូវបានហាមឃាត់ ពីរាជរដ្ឋាភិបាលក៏ដោយ ។

ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា” ដែលរៀបចំឡើងដោយក្រសួង អប់រំយុវជន និងកីឡានាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាមធ្យមសិក្សាគរុកោសល្យ មត្តេយ្យមជ្ឈិម កញ្ញាជីវ លីលី ជាបេក្ខនារីម្នាក់ ក្នុងចំណោមបេក្ខជនផ្សេងទៀត ដែលចូលរួមប្រកួតបានលើកឡើងទៀតថា បារីអេឡិចត្រូនិចត្រូវបានឈ្មួញរចនាប្រកបដោយភាពច្នៃប្រឌិត ស៊ីវីល័យ និងទាក់ទាញ ដោយបង្ហាញពីរូបរាងស្អាតៗ តូចៗ ងាយស្រួលដាក់តាមខ្លួន ព្រមទាំងមានក្លិនក្រអូប និងរសជាតិប្លែកៗ ដូចជារសជាតិក្រូច ឳឡឹក ស្ត្របឺរី និងកាហ្វេជាដើម។ មិនតែប៉ុណ្ណោះក្រុមអ្នកលក់បារីអេឡិចត្រូនិក បានផ្សព្វផ្សាយថា វាជាឧបករណ៍ផ្ដាច់បារី និងគ្មានផលប៉ះពាល់ឡើយ។ ជាមួយគ្នានោះ ក្រុមបេក្ខជនទាំងអស់ បានស្នើសុំឱ្យ អាជ្ញាធរពាក់ព័ន្ធបញ្ឈប់ការនាំចូល ការចែកចាយលក់ និង ការផ្សព្វផ្សាយផលិតផលនេះ ជាពិសេសលប់បំបាត់ ការផ្សព្វផ្សាយ តាមប្រព័ន្ធបណ្ដាញសង្គមដើម្បីបង្ការយុវជនពីការអូសទាញ ឱ្យប្រើប្រាស់ផលិតផល ដ៏គ្រោះថ្នាក់នេះ ។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគាំទ្រចំពោះករលើកឡើង របស់ក្រុមបេក្ខជននេះ បើទោះបីជាក្រសួងអប់រំ ក៏ដូជារាជរដ្ឋាភិបាល កំពុងបានទប់ស្កាត់បញ្ហានេះក៏ដោយ ក៏គេនៅតែសង្កេតឃើញមានក្រុមឈ្មួញបានប្រើប្រាស់ បណ្តាញសង្គមមានតេលេក្រាម ហ្វេសបុក យូធូបក្នុងការផ្សព្វផ្សាយលក់ និង ការចែកចាយបារីអេឡិចត្រូនិកនេះ ដែលធ្វើឱ្យយុវជនមួយចំនួន ងាយនឹងប្រើប្រាស់ ។ ដូច្នេះអ្នកពាក់ព័ន្ធ ជាពិសេសយុវជនត្រូវរួមគ្នា លុបបំបាត់បញ្ហានេះ តាមរយៈការអប់រំមិត្តភក្តិ និងអ្នកនៅជិតកុំឱ្យប្រើប្រាស់ប្រាស់ ឧបករណ៍នេះ។

កម្មវិធីប្រកួតវោហារ ស័ព្ទ ប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឈិ៍ធីភី ដើម្បីលើកកម្ពស់សិក្សា” ត្រូវបានរៀបចំឡើង ដោយក្រសួងអប់រំយុវជន និង កីឡា ក្នុងគោលបំណងផ្ដល់ ឱកាសឱ្យយុវជនបញ្ចេញសមត្ថភាព ប្រកួតវោហារស័ព្ទជាក្រុមនិង លើកកម្ពស់ការសិក្សាស្រាវជ្រាវ សីលធម៌នៃការជជែកជាសាធារណៈ និងលើកកម្ពស់សុខភាពសិក្សា ។

មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា បារីអេឡិចត្រូនិកផ្ទុក សាធាតុបង្កគ្រោះថ្នាក់ជាច្រើន ដែលអាចបង្ក ឱ្យមានជំងឺផ្លូរដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិចត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើឱ្យប៉ះពាល់ ដល់ការអភិវឌ្ឍខួរក្បាល របស់មនុស្សវ័យក្មេង ។ ម៉្យាងទៀត វាមិនមែនជាឧបករណ៍ សម្រាប់ផ្ដាច់បារីនោះទេ ផ្ទុយទៅវិញវាជា ឧបករណ៍ ដែលនាំឱ្យមនុស្សវ័យក្មេង ដែលមិនធ្លាប់ប្រើប្រាស់បារីសោះ ឱ្យឈានទៅ រកការប្រើប្រាស់បារី ព្រមទាំងអាចនាំឱ្យអ្នកប្រើប្រាស់បារី អេឡិត្រូនិកឈានទៅប្រើប្រាស់ គ្រឿងញៀនផ្សេងៗទៀត៕

To Top