ភ្នំពេញ៖ ប្រមុខការពាជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ខាងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ។
វត្តមានរបស់ប្រមុខការពារជាតិកម្ពុជា ក្នុងប្រទេសវៀតណាមនេះ ធ្វើឡើងបន្ទាប់ពី មេដឹកកំពូលនៃប្រទេសទាំងពីរ គឺសម្ដេចតេជោ ហ៊ុន សែន និង លោក ង្វៀន ភូជុង អគ្គលេខាធិការ នៃបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាការងារនៅទីក្រុងហាណូយកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ។
នៅលើគណនីហ្វេសប៊ុក របស់ សម្ដេច ទៀ បាញ់ បានឱ្យដឹងថា ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម សម្ដេចបានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមចំពោះលោក ហ្វាម មិញ ជីញ នាយករដ្ឋមន្ត្រីវៀតណាម។
លោកនាយករដ្ឋមន្ត្រីវៀតណាម បានសម្ដែងការអបអរសាទរ ចំពោះកម្ពុជា ដែលសម្រេចជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩, ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥, ការរៀបចំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ និងបានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ជាការឆ្លើយតប សម្ដេច ទៀ បាញ់ បានថ្លែងអំណរគុណ ចំពោះប្រទេសវៀតណាម ដែលបានជួយសម្រួលការធ្វើមាតុ ភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កម្ពុជា ចំនួន៤៩អដ្ឋិធាតុ ពីវៀតណាមមកកាន់កម្ពុជាវិញ ប្រកបដោយជោគជ័យ ។
នៅក្នុងឱកាសនេះ ក្នុងនាមជាប្រធាន គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ សម្ដេចបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលមានឆន្ទៈគាំទ្រ ដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលខាងមុខ។
ក្រៅពីនោះ សម្ដេច ទៀ បាញ់ ក៏បានជួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ដោយបានរួមគ្នា ធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២ កន្លងមក ប្រកបដោយផ្លែផ្កា និងបានដាក់ចេញ ទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សំដៅបង្កើនថែមទៀត នូវទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ ស្ថិរភាព យូរអង្វែងរវាងកងទ័ពប្រទេសទាំងពីរ។
បើយោងតាម សារព័ត៌មានវៀតណាម (VNA) បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ បានដាក់ចេញនូវផែនការសហប្រតិបត្តិការដោយផ្តោតលើទិដ្ឋភាពសំខាន់ៗមួយចំនួន។ ក្នុងនោះ មានដូចជា បង្កើនការចែកចាយព័ត៌មាន និងធ្វើសកម្មភាពល្បាតរួមគ្នា ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់តាមព្រំប្រទល់ដីគោក និងសមុទ្ររវាងប្រទេសទាំងពីរ ។
ភាគីទាំងពីរ ក៏ប្តេជ្ញាសហការគ្នាយ៉ាងស្អិតល្មួត ក្នុងការកសាងនូវផែនការទំនាក់ទំនង យូរអង្វែងដើម្បីបង្កើនប្រជាប្រិយភាពនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក រវាងរដ្ឋាភិបាល ប្រជាជន និងយោធានៃប្រទេសទាំងពីរ ជាពិសេសក្នុងឱកាសខួបលើកទី៧០ នៅឆ្នាំ២០២៣នេះ នៃការបង្កើតកងយោធពលខេមរភូមិន្ទ និងខួបលើកទី៨០ នៅឆ្នាំ២០២៤ ខាងមុខ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។
ភាគីទាំងពីរក៏បានសន្យា ធ្វើការរួមគ្នា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការណ៍ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ព្រមទាំងការបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នាដើម្បីស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលបានស្លាប់ក្នុង សម័យសង្គ្រាមនៅកម្ពុជា៕