ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា នឹងទៅទស្សនកិច្ចនៅថៃ ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែម នូវកិច្ចសហការកំពុងលូតលាស់

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅថៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ កុម្ភៈនេះ បានឲ្យដឹងថា លោកឧបនាយក រដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុង លូតលាស់ លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សា ផងដែរ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ ផងដែរ។

មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»៕

To Top