ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកង ទ័ពជើងគោក ថ្លែងក្នុងពិធីប្រកាស តែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានតំបន់ប្រតិបត្តិការ សឹករងតាកែវ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សូមចូលរួមអបអរសាទរ ជាមួយនាយទាហានទាំងអស់ ចំពោះការទទួលបានមុខតំណែងថ្មី និងការដំឡើងឋានន្តរស័ក្តិ ស័ក្តិសមនឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែងបំពេញ ជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈ កាលកន្លងមក។ ជាពិសេស នេះគឺជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹង តំបន់ប្រតិបត្តិការសឹករងតាកែវ តទៅខាងមុខទៀត ។ ការតែងតាំង មុខតំណែងថ្មី និង ការដំឡើងឋានន្តរស័ក្តិ ដែលបានធ្វើឡើង គឺជាការសម្រេច ដោយឈរលើការពិនិត្យ និងវាយតម្លៃ ក៏ដូចជាការ ពិគ្រោះយោបល់ យ៉ាងល្អិតល្អន់របស់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ តាមឋានានុក្រមច្បាស់លាស់ ស្របនឹងគោលការណ៍ជាធរមាន ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព ។

លោកឧត្តមសេនីយ៍ រលេចឡើងថា ជាទស្សនៈ និងបទពិសោធន៍ផ្ទាល់ខ្លួន ការវាយតម្លៃដើម្បីប្រគល់តួនាទី និងភារកិច្ចនីមួយៗ នៅក្នុងអង្គភាពត្រូវឈរ លើមូលដ្ឋាននៃគោលការណ៍ ៣ ដែលជាកាតាលីករជួយជំរុញ ឱ្យការចម្រាញ់ធនធានមនុស្សកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៖

ទី១. គោលការណ៍យុត្តិធម៌៖ សំដៅទៅលើការផ្តល់អាទិភាពដល់អ្នកដែលមានឆន្ទៈ, សមត្ថភាព, ភាពជាអ្នកដឹកនាំ, ការទទួលខុសត្រូវ, អតីតភាពការងារ នៅក្នុងអង្គភាពផ្ទាល់, ចំណេះដឹង, បទពិសោធន៍, សីលធម៌, សុខភាព, ភាពតស៊ូ អំណត់ព្យាយាម, ក៏ដូចជាលទ្ធភាព នៃការជំរុញនិរន្តរភាពការងារក្នុងអង្គភាព ជាដើម ។ល។
ទី២. គោលការណ៍តម្លាភាព៖ សំដៅលើការគោរពមតិយោបល់ជាសមូហភាព និងតាមឋានានុក្រម ដើម្បីធានាបានការឯកភាព និងលទ្ធផលដែលទទួលបានការសំយោគគ្រប់ជ្រុងជ្រោយ និងពីគ្រប់ជាន់ថ្នាក់។
ទី៣. គោលការណ៍តម្កល់ ផលប្រយោជន៍អង្គភាពជាធំ៖ សំដៅធ្វើយ៉ាងណាឱ្យរាល់ការប្រគល់តួនាទីក្នុងករណីនីមួយៗ អាចរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ប្រសិទ្ធភាពការងារខ្ពស់ និងការលើកតម្កើងកិត្យានុភាពសមូហភាព។

លោក ម៉ាណែត សូមសម្តែង នូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងយោធិនទូទាំង តំបន់ប្រតិបត្តិការសឹករងតាកែវ ដែលបានខិតខំបំពេញ ភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និង សមិទ្ធផលជាច្រើន ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងកិច្ចសហការការពារសន្តិសុខ នៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រ ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាព រឹងមាំលើគ្រប់វិស័យ។

មិនតែប៉ុណ្ណោះ លោកក៏សូមសម្តែងនូវមោទកភាពចំពោះសមិទ្ធផល ដែលសម្រេចបានទាំងនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឆន្ទៈដ៏មោះមុត សាមគ្គីភាពផ្ទៃក្នុងរឹងមាំ ស្មារតីដ៏អង់អាចក្លាហាន និងមនសិការវិជ្ជាជីវៈប្រកប ដោយការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងយោធិនទូទាំងតំបន់ ប្រតិបត្តិការសឹករងតាកែវ ក្នុងការសម្រេចភារកិច្ច បម្រើជាតិមាតុភូមិ ។ ទាំងនេះ គឺស័ក្តិសមជាអង្គភាពឆ្នើមមួយដែលមានប្រវត្តិកកើតតាំងពីឆ្នាំ១៩៧៩ និងដែលធ្លាប់បានចូលរួម យ៉ាងសកម្មបំផុតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក្នុងគ្រប់សម័យកាល ទាំងក្នុងពេលមានសន្តិភាព និងសង្គ្រាម៕









