ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ ៖ ការផ្ទេរថវិកាទៅរដ្ឋបាលថ្នាក់ក្រោមជាតិ កើនឡើងជាង១ពាន់លានដុល្លារ នៅឆ្នាំ២០២២

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការផ្ទេរថវិកាជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី៤១៦លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១.១១៦លានដុល្លារ ក្នុងឆ្នាំ២០២២។

នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ នាថ្ងៃ២២ កុម្ភៈ សម្ដេច ស ខេង បានថ្លែងថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បន្ទាប់ពីការដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) នាអំឡុងខែមីនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងឲ្យឃើញពីការ ប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យទៅជាស្ថាប័ន កាន់តែរឹងមាំ មានសមត្ថភាព មានសិទ្ធិអំណាច មានមុខងារ និងធនធាន និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយប្រសិទ្ធភាព និងនវានុវត្តន៍។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចមានប្រសាសន៍ថា «គិតត្រឹមឆ្នាំ២០២២ តាមរយៈកំណែទម្រង់នេះ មានមុខងារជិត ៦០ ត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាល ប្រមាណជាង៨០០ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ។ រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ដង គឺកើនឡើងពី ៤១៦ លានដុល្លារ ក្នុងឆ្នាំ២០១៨ ដល់ ១.១១៦លានដុល្លារ ក្នុងឆ្នាំ២០២២»។

សម្ដេចបន្ថែមថា ក្រៅពីនេះរដ្ឋបាលថ្នាក់ក្រោមជាតិ បានទទួលថវិកាដែលភ្ជាប់ជាមួយនឹងផ្ទេរមុខងារ និងថវិកាអន្ដរាគមន៍ជាច្រើនទៀត ពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័ននានា បានលើកកម្ពស់ការផ្ដល់សេវា យ៉ាងសារៈសំខាន់។ សម្ដេចបន្ដថា រដ្ឋបាលថ្នាក់ក្រោមជាតិ បានសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ខ្នាតតូច និងអនុវត្តគម្រោងសេវា សង្គមប្រមាណជាង២ពាន់គម្រោង ក្នុងមួយឆ្នាំៗ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋាន ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕

To Top