ព័ត៌មានជាតិ

ទីលានទុកដាក់សំរាម ស្របតាមបទដ្ឋានបច្ចេកទេស ២កន្លែង នៅជុំវិញបឹងទន្លេសាប ត្រូវបានសម្ពោធដាក់ឱ្យប្រើជាផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ ក្រោមកម្ចីឥណទានធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ។

ទីលានទុកដាក់សំរាម ក្នុងក្រុងកំពង់ឆ្នាំង និងក្រុងពោធិ៍សាត់ ក្រោមគម្រោងកែលម្អគ្រប់គ្រង បរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី១ នៃកម្ចីឥណទានធនាគារ អភិវឌ្ឍន៍អាស៊ី ដែលក្នុងនោះមានក្រុមហ៊ុន អ៊ឹង ស៊ីមស៊ា ខនស្ត្រាក់សិន ជាអ្នកទទួលបន្ទុកសាងសង់ និងគ្រប់គ្រងគម្រោង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រគល់ជូនដល់អាជ្ញាធរនៃ ខេត្តទាំងពីរនេះ អាចទទួលគ្រប់គ្រង និងអនុវត្តការងារបន្តទៀត។

ថ្លែងក្នុងពិធីប្រគល់-ទទួលនេះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និង បានថ្លែងអំណរក្រុមហ៊ុនសាងសង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និង បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់អាចដំណើរ ការទៅបានដោយរលូន និងបញ្ចប់តាមផែនការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទីលានទុកដាក់សំរាម ទាំងពីរកន្លែងនេះ នឹងចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព ការរស់នៅបងប្អូននៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេសគឺការកាត់បន្ថយបញ្ហាប្រឈម ទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថានផងដែរ។

សូមបញ្ជាក់ថា ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិចតា ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ គម្រោងនេះបានចំណាយថវិការសាងសង់ប្រមាណ ១,៣៩ លានដុល្លារអាមេរិក ហើយគ្រោងដាក់ ឱ្យប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងកំពង់ឆ្នាំង និងស្រុក ដែលនៅក្បែរទីលានទុកដាក់សំរាម។

ចំពោះទីលានទុកដាក់សំរាមក្នុងក្រុងពោធិ៍សាត់វិញ ត្រូវបានសាងសង់នៅលើផ្ទៃដី សរុបទំហំ ១៥,៥០ ហិចតា ស្ថិតក្នុងភូមិទួលម្កាក់ ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ គម្រោងនេះបានចំណាយថវិកាសាងសង់ប្រមាណ ១,៦៧លានដុល្លារអាមេរិក ហើយគ្រោងនឹងដាក់ឱ្យ ប្រើប្រាស់ក្នុងរយៈពេល ១៥ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម៕

To Top