ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា អង្គសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានបែងចែកក្រុម ពិភាក្សាជា៦ក្រុម ដើម្បីពិភាក្សាពី សមិទ្ធផល បទពិសោធន៍ បញ្ហាប្រឈម ព្រមទាំងសំណូមពរនានា ដើម្បីយកមកពិភាក្សាដោះស្រាយ ដែលក្រុមពិភាក្សានីមួយៗ បានរួមគ្នាផ្តល់យោបល់លើរបាយការណ៍ និងទិសដៅ ដើម្បីស្វែងរកចំណុច ដែលត្រូវកែសម្រួល ឬបំពេញបន្ថែម។

ការពិភាក្សាជាក្រុមនេះ ធ្វើឡើងតាមការបែងចែក និងណែនាំដោយ លោក ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួត ពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងនោះ ក្រុមពិភាក្សា នីមួយៗ បានពិភាក្សាលើប្រធានបទដែលអង្គសន្និបាតបានកំណត់ជូនតាមក្រុមនីមួយ ។ ជាមួយគ្នានេះដែរ សមាជិកម្នាក់ៗ ក្នុងក្រុមពិភាក្សា មានរយៈពេល១០នាទី ដើម្បីចូលរួមពិភាក្សា និងបញ្ចេញមតិយោបល់លើប្រធានបទ ដែលក្រុមនីមួយៗ មានសមាសភាពប្រធាន អនុប្រធាន និងលេខាធិការ សម្រាប់ដឹកនាំសម្របសម្រួល និងចាត់ចែងលេខាធិការដើម្បីកត់ត្រា និងធ្វើរបាយការណ៍អំពីលទ្ធផលនៃកិច្ចពិភាក្សាទាំងនោះ៕

