ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាអាជ្ញាធររួមគ្នា ថែរក្សាពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការពារឯករាជ្យ ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
នាឱកាសអញ្ជើញបូកសរុបលទ្ធផល នៃអង្គសន្និបាត របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង មានប្រសាសន៍ថា «កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា៖ ត្រូវបន្តខិតខំរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត»។
សម្ដេចបន្ដថា បង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហការជាមួយកម្លាំង អនុវត្តច្បាប់ ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើរទន្ទឹមនឹងការពង្រឹង សមត្ថភាពជំនាញរបស់កម្លាំងអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហការ ឲ្យបានល្អជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាទប់ស្កាត់អំពើភេវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសនានាឆ្លង កាត់ព្រំដែនគ្រប់ប្រភេទ ។
លើសពីនេះ សម្ដេច ស ខេង លើកឡើងទៀតថា ត្រូវបង្កើនការគ្រប់គ្រងការចេញចូលប្រទេស គ្រប់គ្រងមុខសញ្ញាតាមវិធានការជំនាញ និងគ្រប់គ្រងការស្នាក់នៅ របស់ជនបរទេស និងជនអន្តោប្រវេសន្ត ឲ្យបានម៉ឺងម៉ាត់ ព្រមទាំងខិតខំទប់ស្កាត់ការ លបលួចចេញចូលប្រទេស តាមច្រករបៀងខុសច្បាប់នានា និង តាមច្រកសមុទ្រ ។ ក្នុងនោះបន្តអនុវត្តជាប់ជាប្រចាំ នូវយុទ្ធនាការប្រតិបត្តិការ ប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្សគ្រប់ទម្រង់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងបន្តខិតខំស្រាវជ្រាវករណីលាងសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម៕