ភ្នំពេញ ៖ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្តបង្កើតប្រព័ន្ធតេឡេក្រាម ដើម្បីងាយស្រួលផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សនោះ សម្តេចក៏បានឆ្លៀតឱកាសលើកថា មានអភិបាលខេត្តខ្លះត្រូវបានគេវាយប្រហារធ្វើឲ្យកេរ្តិ៍មិនល្អហើយ តែបែរជាខ្លួនឯងនៅស្ងៀមស្ងាត់ឲ្យឈឹង ដោយគ្មានការចេញមកបកស្រាយអ្វីទាំងអស់ ។
ដើម្បីងាយស្រួលក្នុងការបកស្រាយទៅដល់អ្នកវាយប្រហារនោះ សម្តេចបានឲ្យអភិបាលខេត្តទាំងអស់ត្រូវបង្កើតប្រព័ន្ធតេឡេក្រាម ព្រោះប្រព័ន្ធនេះបានផ្តល់ព័ត៌មានលឿនរហ័សជាងហ្វេសប៊ុកទៀត។
ក្នុងឱកាសឲ្យគ្រប់រាជធានី-ខេត្តបង្កើតប្រព័ន្ធតេឡេក្រាមនេះ ធ្វើឡើងក្នុងគ្រាសម្តេចតេជោអញ្ជើញចូលរួមបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃ២៣ កុម្ភៈ ។
ការឆ្លៀតចំណេញឲ្យអភិបាលខេត្តបង្កើតប្រព័ន្ធតេឡេក្រាមនេះ ដោយសារក្នុងវេទិកាបិទសន្និបាតនេះ មានអភិបាលរាជធានី-ខេត្តចូលរួមស្ទើរតែទាំងអស់គ្នា ។
ក្នុងវេទិកានេះសម្តេចតេជោបានថ្លែងថា “ខេត្តខ្លះគេវាយប្រហារទៅលើចៅហ្វាយខេត្តចង់ងាប់ចង់រស់…ចៅហ្វាយខេត្ត(មិនចេញបកស្រាយ) អាអ្នកនាំពាក្យ(ខេត្ត)ក៏វាបាត់ទៅណាទេ ។អត់ទេស្រួលខ្លួនឯង ចៅហ្វាយខេត្តសរសេរខ្លួនឯង(បកស្រាយ)ចូលក្នុងតេឡេក្រាមទៅ”៕