ព័ត៌មានជាតិ

នាយក​រដ្ឋមន្ត្រី ​ឱ្យលុបបំបាត់ការភ័ន្តច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត ជាមន្ទីរមួយ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យលុបបំបាត់នូវការភ័ន្តច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត គឺជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ ។

នាឱកាសអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទាក់ទងផ្ទេរអំណាចទៅមូលដ្ឋាននេះ សូមបំបាត់ចោលនូវការភ័ន្តច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត វាជាផ្នែក ជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ ត្រូវបំបាត់ការភ័ន្តច្រឡំបែបនេះ»។

សម្ដេចតេជោ បន្ដថា កន្លងទៅ នៅពេលពង្រឹងរដ្ឋបាលឯកភាពរាជធានី-ខេត្ត បែរជាមានកា​ភ័ន្ត​ច្រឡំ និងប្រើពាក្យពេចន៍ថា «ក្រសួងមហាផ្ទៃ គឺច្បាមយកអំណាច ពីស្ថាប័ននានា នេះជាការខុសឆ្គងធំណាស់ ជាមួយនឹងទស្សនៈបែបនេះ។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺស្ថិតនៅក្រោមរដ្ឋាភិបាល គ្រាន់តែឱ្យមហាផ្ទៃ ទទួលខុសត្រូវ មើលទាក់ទងគ្នា»។

សម្ដេចតេជោ បន្ថែមថា រដ្ឋបាល​រាជធានី​ ខេត្ត​មិនមែនជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ នោះទេ គឺមានភាពខុសគ្នាជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខុសគ្នាជាមួយ ក្រសួងនានា ដែលមានមន្ទីរនៅតាមបណ្ដាខេត្តរបស់ខ្លួន។ ចំណែក ក្រសួងការបរទេសមួយប៉ុណ្ណោះ អត់មានមន្ទីរ នៅតាមបណ្ដាខេត្ត ។ ប៉ុន្ដែនៅប្រទេសឡាវ មានមន្ទីរកិច្ចការបរទេស៕

To Top