ព័ត៌មានជាតិ

សម្ដេចតេជោ ប្តេជ្ញា ទោះមានរឿងអ្វីក៏ដោយ គឺមិនឲ្យកម្ពុជា លំបាកលើបញ្ហាស្បៀង

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអះអាងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា ទោះបីជាមានរឿងអី្វកើតឡើងក៏ដោយ ក៏សម្តេចមិនបណ្តោយឲ្យកម្ពុជា ស្ថិតក្នុងស្ថានភាពលំបាក លើកបញ្ហាស្បៀងអាហារនោះទេ។

ការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «សន្ដិសុខស្បៀង គឺជាបញ្ហាសំខាន់មួយទៀត ហើយយើងក៏កំពុងពង្រឹងសមត្ថភាព និងភាពធន់របស់យើង ទៅលើបញ្ហាការផ្គត់ផ្គង់ស្បៀង ទោះបីមានរឿងអី្វកើតឡើងក៏ដោយចុះ ក៏ប៉ុន្ដែ មិនត្រូវឲ្យកម្ពុជា ស្ថិតក្នុងស្ថានភាពលំបាកលំបិន លើបញ្ហាស្បៀងនោះទេ»។

សម្ដេចតេជោបន្ដថា ចំពោះអត្រាប្ដូរប្រាក់នៅកម្ពុជាវិញ ក៏មានស្ថានភាពល្អ អតិផរណាក៏គ្រប់គ្រងបានល្អ។ សម្ដេចថា ចង់ឲ្យអតិផរណាទាបជាងនេះ ប៉ុន្តែមិនអាចចុះបានទៀតទេ ដោយសារមូលហេតុខាងក្រៅ ។ សំខាន់ជាងគេគឺតម្លៃប្រេងនេះតែម្ដង បើតម្លៃប្រេងកើនឡើង ជាបញ្ហាគ្រប់ប្រទេសទាំងអស់ មិនមែនតែកម្ពុជានោះទេ។

សម្ដេចតេជោបញ្ជាក់ទៀតថា «សម័យនេះ វាមិនមែនជាសម័យដឹកទំនិញតាមរទេះគោ, រទេះក្របី, រទេះសេះទៀតទេ គឺជាសម័យដឹកទំនិញដោយប្រើប្រាស់ប្រេងឥន្ធនៈ។ ដូចនេះបើប្រេងឡើងថ្លៃ វាធ្វើឲ្យតម្លៃដឹកជញ្ជូនក៏ឡើងថ្លៃ គឺវានឹងធ្វើឲ្យទំនិញនៅលើទីផ្សារក៏វាឡើងថ្លៃ។ ដូច្នេះផលប៉ះពាល់របស់សេដ្ឋកិច្ចកម្ពុជា គឺផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចតំបន់ និងពិភពលោក»៕

To Top