ភ្នំពេញ៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយករដ្ឋបាល និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានអំពាវនាវ ឲ្យសារព័ត៌មានកម្ពុជា និងចិន ដែលកំពុងបម្រើការនៅកម្ពុជា បន្តចូលរួមផ្សព្វផ្សាយព័ត៌មានពិត និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា តាមគ្រប់លទ្ធភាព ក្នុងវិជ្ជាជីវៈរបស់ខ្លួន ។
ការថ្លែងអំពាវនាវរបស់លោក ផុស សុវណ្ណ បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញ ចូលរួមវេទិកាពិភាក្សាតុមូល ក្រោមប្រធានបទ “រួមគ្នាប្រឆាំង ព័ត៌មាន ក្លែងក្លាយ នៅក្នុងប្រទេសកម្ពុជា” ដែលរៀបចំសមាគមអ្នកសារព័ត៌មានកម្ពុជាចិន (សសកច-CCJA) នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។ វេទិកានេះដែរធ្វើឡើងនាទីស្នាក់ការកណ្តាល សសកច នៅអគារសមាគមសម្ព័ន្ឋខ្មែរចិននៅកម្ពុជា សាលប្រជុំជាន់ទី២ ស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។


កិច្ចពិភាក្សាក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សយ សុភាព ប្រធាន លោក លីវ ស៊ាវគ័ង ព្រមទាំងសមាជិកគណៈកម្មាធិនាយក នៃសសកច និងអ្នកសារព័ត៌មានមក ពីបណ្តាអង្គភាពនានានៅកម្ពុជា។

នាឱកាសនោះលោក ផុស សុវណ្ណ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងតាមគ្រប់ទិដ្ឋភាពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន នៅ កម្ពុជា។ “ក្រសួងបានបង្កើតយន្តការជាច្រើន តួយ៉ាងគ្រុបតេឡេក្រាម ៣០០០ និងបន្តធ្វើសេចក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួលបានព័ត៌មាន” ដែលនឹងចេញព្រមគ្នាជាមួយ សេចក្តីព្រាងច្បាប់ផ្សេងទៀត រៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ ដែលយន្តការផ្លូវច្បាប់”។

ជាមួយគ្នានោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានមានប្រសាសន៍ដែរ អំពីផលប៉ះពាល់ ពីការផ្សាយព័ត៌មានក្លែងក្លាយ ដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទំនាក់ទំនងកម្ពុជា-ចិន ។ តែយ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ថា ក្នុងនាមជាអ្នកស្រាវជ្រាវ លោកតែងតែចុះទៅស្រាវជ្រាវដោយផ្ទាល់ នៅកន្លែងមួយចំនួនដែលរងការផ្សាយព័ត៌មានមិនពិតមូលបង្កាច់ ដូចជានៅខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ជាដើម ដើម្បីស្វែងរកព័ត៌មានពិត។ ជាលទ្ធផល គឺមិនពិតដូចការផ្សព្វផ្សាយនោះទេ។
លោកបណ្ឌិតបានកត់សម្គាល់ថា ការរីកចម្រើនខាងបច្ចេកវិទ្យាព័ត៌មាន និងការលេចឡើង នូវបណ្តាញសង្គមជាច្រើន និងធ្វើឲ្យវិសាលភាព នៃការផលិតព័ត៌មានក្លែងក្លាយ កាន់តែខ្លាំងក្លា និងមានសកម្មភាពជាងមុន។ តែប្រការទាំងនេះ ត្រូវបានកាត់បន្ថយទៅវិញ ជាបន្តបន្ទាប់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពសារព័ត៌មាន ។

ចំណែក លោក សយ សុភាព ប្រធានសសកច ក៏បានលើកឡើងផងដែរថា ក្នុងនាមសសកច និងក្នុងនាមលោកផ្ទាល់ បានចូលរួមជាមួយក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ តាមគ្រប់លទ្ធភាពដែលខ្លួនមាន ជាពិសេសបន្តជំរុញ ការផ្សព្វផ្សាយលើកកម្ពស់ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា-ចិន ក៏ដូចជាភ្ញៀវទេសចរ និងវិនិយោគិនចិន។
សម្រាប់លោក លីវ ស៊ាវគ័ង អនុប្រធាន សសកច ក៏ចាប់អារម្មណ៍ថា ក្នុងនាមអ្នកសារព័ត៌មាន មានការភ្ញាក់រលឹក និងមើលឃើញច្បាស់ថាសព្វថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនៅតែក្តោបក្តាប់ឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំង លើការផ្សព្វផ្សាយព័តមាន ពិសេសក្នុងការផ្សាយព័ត៌មាន អន្តរជាតិ ពួកគាត់នៅតែលំអៀងទៅខាងប្រទេសខ្លួននិងប្រទេសសម្ព័ន្ធមិត្ត តែចំពោះប្រទេសដែលមិនស្តាប់បង្គាប់លោកខាងលិចវិញ គឺផ្សាយបែបរិះគន់ មួលបង្កាច់និងបំផ្លើសបំភ្លៃ ។ ថ្មីៗនេះព័ត៌មានស្តីពីការពិតនៃអាថ៌កំបាំង នៅពីក្រោយការបំផ្ទុះបំពង់បង្ហូរឧស្ម័ន ដែលទំលាយចេញ ដោយអ្នកសារព័ត៌ជាន់ខ្ពស់អាមេរិកម្នាក់ ដូចជាព័ត៌មានព្រឹត្តិការណ៍ ក្រលាប់រថភ្លើង បណ្តាលឲ្យធ្លាយចេញសារធាតុគីមី ដ៏មានគ្រោះថ្នាក់ នៅអាមេរិក…បណ្តាញព័ត៌មានធំៗរបស់លោកខាងលិច សុទ្ធតែផ្សាយលំៗ ប៉ុន្តែបើចំពោះព្រឹត្តិការណ៍ណាមួយដែលកើតឡើង ក្នុងប្រទេសគូសត្រូវវិញ ពួកគេផ្សាយបំប៉ោងនិងលាបពណ៌ ដែលនេះគឺបង្ហាញឲ្យមនុស្សក្នុងសកលលោក បានឃើញពីស្តង់ដារពីរ ដែលពួកគេអនុវត្ត ក្នុងការផ្សព្វផ្សាយព័ត៌មាន។

លោកក៏រំលេចផងដែរថា “ឆ្នាំ២០២៣នេះ ជាឆ្នាំបោះឆ្នោតសកលនៅប្រទេសកម្ពុជា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក៏នឹងប្រព្រឹត្តិទៅក្នុងឆ្នាំនេះដែរ។ ដូចនេះយើងសង្ឃឹមថា សារព័ត៌មានក្នុងស្រុកទាំងអស់ នឹងប្រកាន់នូវឥរិយាបទវិជ្ជាជីវៈ និង ស្មារតីទទួលខុសត្រូវ ក្នុងការផ្សព្វផ្សាយព័ត៌មាន ពិត ដែលជាស្នាដៃនៃប្រទេសកម្ពុជា រួមទាំងព័ត៌មានការអភិវឌ្ឍ ដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមគ្នាថែរក្សាស្ថេរភាព សន្តិភាព ដើម្បីឈានទៅលើកកំពស់កិត្យានុភាពប្រទេសកម្ពុជា លើឆាកអន្តរជាតិថែម១កំរិតទៀត” ៕



