ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ សន្តិភាពជួយឱ្យ​កម្ពុជាមានការ​អភិវឌ្ឍ​រីកចម្រើន​ និងបង្កើតបានធនធានមនុស្សជាច្រើន

ភ្នំពេញ៖ លោក ឃួង ស្រេង​ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន​ សែន​ និងជាអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា មានសន្តិភាព ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិរីកចំរើន និងមានឱកាសគ្រប់គ្រាន់​ ក្នុងក្រេបជញ្ជក់យកចំណេះដឹង បង្កើតបាននូវធនធានមនុស្សដ៏សំខាន់ ដូច្នេះត្រូវរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនេះ។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើ​ឡេីងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ លើកទី២៩ ជូននិស្សិតជយ័លាភី នៃសាកលវិទ្យាលយ័អន្តរជាតិ ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី២៥​កុម្ភៈ​ ឆ្នាំ២០២៣​។

លោក ឃួង ស្រេង បានលើកឡើងថា “ពួកអគតិមួយចំនួនបានចោទប្រកាន់ថា បញ្ញាបត្រដែលរៀននិងផ្ដល់ជូន​ នៅព្រះរាជាណាចក្រកម្ពុជា គ្មានគុណភាព ។ ការចោទប្រកាន់បែបនេះ គឺជាការចោទប្រកាន់ដែលមិនអាចទទួលយកបាន ។ នេះជាការមើលស្រាល ទៅដល់លោកគ្រូអ្នកគ្រូនឹងសិស្សានុសិស្ស និង និស្សិតរបស់យើង ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ។ថ្ងៃនេះគឺជាតឹកតាង ដែលបញ្ជាក់ពីការខិតខំប្រឹងប្រែង ក្រេបយកចំណេះដឹងដ៏មានតម្លៃ ដ៏ធំធេងរបស់ប្អូនៗ ។ ប្អូនៗត្រូវដឹងថា យើងបានចេញពីប្រភពណា យើងត្រូវដឹងគុណពីវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានលះបង់គ្រប់យ៉ាង សូម្បីតែអាយុជីវិត ដើម្បីសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋរបស់យើង”។

លោកអភិបាលបានបន្តថា “យើងពិតជាមានសំណាង ដែលមានថ្នាក់ដឹកនាំមានទឹកចិត្ត ធ្វើឲ្យប្រទេសជាតិ មានភាពរីកចម្រើនជឿនលឿន បើទោះបីប្រទេសកម្ពុជា បានងើបឡើងពីចំណុចសូន្យ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក៏ដោយ។ បន្តមកសម្ដេចបានស្វះស្វែងរកសន្តិភាព ពេញផ្ទៃប្រទេសនិងធ្វើការអភិវឌ្ឍន៍ប្រទេស ឲ្យរីកចម្រើន។ ផ្ដើមចេញពីពីររឿងអស់ទាំងនេះហើយ ដែលធ្វើឱ្យយើងមានឱកាស បានសិក្សារៀនសូត្រ មានចំណេះដឹង បង្កើតនូវធនធានមនុស្សដ៏សំខាន់នេះ”។

ក្នុងនោះ លោក ឃួង ស្រេង សង្កត់ធ្ងន់ថា “ចង់ឱ្យប្រជាពលរដ្ឋម្នាក់ ជាអ្នកការពារសច្ចធម៌ម្នាក់។ ការពារសម្ដេចតេជោ ហ៊ុន សែន គឺការពារសច្ចធម៌ ។ ដូច្នេះត្រូវរួមចំណែកអ្វីខ្លះ ដើម្បីការពារសន្តិភាព ។ អាចការពារសន្តិភាពបាន មានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្មើនិងការគាំទ្រសម្តេចធ្វើជានាយករដ្ឋមន្ត្រី”។

ក្នុងឱកាសនោះដែរ​ លោកសាស្រ្តាចារ្យមហាបរិញ្ញា​ បណ្ឌិតសាបូ​ អូហ្សាណូ​ សាលវិទ្យាធិការ នៃសាកលវិទ្យាលយ័អន្តរជាតិ​ បានគូសបញ្ជាក់ថា សាកលវិទ្យលយ័អន្តរជាតិ ​គឺជាគ្រឹះដ្ឋានឧត្តមសិក្សាឯកជនដំបូងមួយ​ ដែលបានបង្កើតឡើងកាលពីថ្ងៃទី១៦​ ធ្នូ​ឆ្នាំ២០០២។ ចំពោះនិស្សិតជាជយ័លាភី ដែលត្រូវទទួលបរិញ្ញាបត្រនាពេលនេះ​ មានថ្នាក់ឱសថការីមធ្យម​ ថ្នាក់បរិញ្ញាបត្រ័រង​ គិលាននុបដ្ឋាក​ ឆ្មប​ មន្ទីរពិសោធន៍ ​និងទន្តគិលានុបដ្ឋាក សរុប៤៦១នាក់​ ស្រី២៩៨នាក់។

លោកសាកលវិទ្យាធិការបញ្ជាក់ទៀតថា ដើម្បីលើកកំពស់គុណភាពអប់រំ​ សាកលវិទ្យាលយ័អន្តរជាតិ​ បានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអន្តរជាតិ ​និងដៃគូអភិវឌ្ឍន៍នានា​ ព្រមទាំងក្រសួងស្ថាប័នជាច្រើន របស់រារដ្ឋាភិបាល​ និងបណ្តាប្រទេសជាមិត្តជាច្រើនទៀត។ និស្សិតរបស់សាកលវិទ្យាលយ័អន្តរជាតិ រហូតមកដល់ពេលនេះ មានការងារធ្វើ៧៦%​ និស្សិតកំពុងប្រកបមុខរបរខ្លួនឯង មាន២៤%​ និស្សិតដែលធ្វើការត្រូវជំនាញ ចំនួន៨៦%​ និងមិនត្រូវជំនាញចំនួន១៤%។ សាកលវិទ្យាលយ័បានកំណត់ថា​ គុណភាពអប់រំ គឺជាមូលដ្ឋានគ្រឹះតែមួយគត់​ ដែលកំណត់ពីចីរភាព របស់សាកលវិទ្យាលយ័៕

To Top