ព័ត៌មានជាតិ

លោក ឃួង ស្រេង អំពាវនាវឱ្យចូលរួមបរិច្ចាគថវិកា និងគ្រឿងឧបភោគបរិភោគ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជន និងជនរួមជាតិទាំងអស់ សូមចូលរួមបរិច្ចាគជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈផ្សេងៗ ជួយដល់សមាគមតន្រ្តីសំនៀងជនពិការ ។

ការអំពាវនាវរបស់លោកអភិបាលរាជធានីភ្នំពេញ ធ្វើឡើង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈលោកនិងលោកស្រី អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការ “អគារមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ” ស្ថិតនៅអគារ ២៩៨D ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។

លោក ឃួង ស្រេង បានលើកឡើងថា ជនពិការ ធ្លាប់បានចូលរួមចំណែកជាថវិកា ជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។ បន្ថែមពីនេះទៀត សូម្បីតែអ្នកសុំទាន ក៏ធ្លាប់បានបរិចាក ជាថវិកាជួយ រាជរដ្ឋាភិបាលផងដែរ ខណៈដែលកម្ពុជាបានប្រឈមមុខដាក់គ្នា ជាមួយប្រទេសថៃ នៅប្រាសាទព្រះវិហារកន្លងមក ។

ការចូលរួមចំណែកគ្រប់មជ្ឈដ្ឋានពិត ជាបានបង្ហាញអោយឃើញពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងការជឿជាក់មកលើសម្ដេចតេជោនាយករដ្ឋមន្ត្រី ។

លោក ឃួង ស្រេង បន្តទៀតថា ការអញ្ជើញប្រជាពលរដ្ឋ ឲ្យមកចូលរួម ក្នុងពិធីខាងលើនេះ គឺក្នុងគោលបំណងឲ្យបងប្អូនប្រជាពលរដ្ឋ បានដឹងថា នៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ យើងនេះ មានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្រ្តីសំនៀងជនពិការរស់នៅ ។ដូច្នេះបងប្អូន អាចជួយចែលរំលែកការ លំបាកជាមួយពួកគាត់បាន តាមរយៈផ្តល់ជាអង្ករ១គីឡូក្រាម ២គីឡូក្រាម ឬក៏ថវិកាក្តី។

លោក ឃួង ស្រេង បន្ថែម​ថា នៅពេលមានបុណ្យជាតិធំៗ សូមប្រជាពលរដ្ឋ ព្រះសង្ឃ សប្បុរសជននិងជនរួមជាតិទាំងអស់ នឹកឃើញនិងចែករំលែក ដល់សមាគមតន្រ្តីសំនៀងជនពិការផង ។ នេះជាការចែករំលែក ជាប្រពៃណីល្អរបស់ដូន តារបស់យើងដែលបានធ្វើជាប់ជាប្រចាំមក។

គួរបញ្ជាក់ថា សមាគមតន្ត្រីសំនៀងជនពិការ បង្កើតឡើងក្នុងឆ្នាំ២០១៣ ដឹកនាំដោយលោក ចាប តូ ជាជនពិការភាពភ្នែក ។ បច្ចុប្បន្ន មានសមាជិក ក្នុងសមាគមទាំងអស់ ចំនួន ៦៥៤នាក់ មានស្ត្រី ២៨៤នាក់ ដោយមានការជួយ ក្រោមការជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់បំផុត ពីសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាត ក្រហមកម្ពុជា ,លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីព្រមទាំងសប្បុរសជនមួយចំនួនធំទៀត ។ អគារមជ្ឈមណ្ឌលនេះ បានចាប់ផ្តើមសាង សង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ និងបញ្ជប់នៅថ្ងៃទី២០ កុម្ភៈ ២០២០ មានកម្ពស់២ ជាន់រៀងជាអក្ស L មានបន្ទប់សរុបចំនួន ២០បន្ទប់ ។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយក អំណោយរបស់
សម្ដេចអគ្គមហា សេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភដល់សមាគមតន្ត្រី សំនៀងជនពិការនេះផងដែរ ដែលមានទឹកប្រាក់ប្រមាណជិត២០លានរៀល ជាមួយនិងគ្រឿងឧបភោគ បរិភោគមួយចំនួនធំ ព្រមទាំងផ្តល់អាហារ១ពេលដ៏ឆ្ងាញ់ពិសា ជូនពួកគាត់ផងដែរ ៕

To Top