ភ្នំពេញៈ បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ ចូលរួម ក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិត សូមកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានចំនួន ១០៧ គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស-និស្សិត បានបញ្ចប់ការសិក្សាចំនួនជាង ៦ ម៉ឺននាក់ រៀងរាល់ឆ្នាំ នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម រួមទាំងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និង កម្មករ-និយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ក៏ដូចជាកិច្ចការងារជាច្រើនផ្សេងទៀត ។

លោក ម៉ាណែត លើកឡើងថ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា បានខិតខំពង្រឺង និងពង្រីកការវិនិយោគ និងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្ស ប្រកបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតប ទៅនឹងតម្រូវការរបស់ទីផ្សារ ការងារក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ជាពិសេសការ ប្រែប្រួលបច្ចេកវិទ្យា នៃបដិវត្តឧស្សាហកម្ម ៤.០ ។ ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ នេះ កម្ពុជាកំពុងបន្តរៀបចំ ទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើក កម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេស ។

លោកបណ្ឌិត បន្ថែមថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយ ប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ាដឹកនាំ តាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ» ព្រមទាំងមានគោល នយោបាយច្បាស់លាស់ សំដៅបម្រើផលប្រយោជន៍ ប្រជាជន និងការអភិវឌ្ឍន៍ជាតិ ។ ជាមួយគ្នានេះ គណបក្សបានសម្រេច នូវសមិទ្ធផលចម្បងៗ ជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាអាទិ៍៖ ១.ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់របបប៉ុលពត, ២. ការទប់ស្កាត់ការវិលត្រលប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត និង ៣. តស៊ូប្រយុទ្ធនឹងសត្រូវរួម របស់ជាតិខ្មែរ គឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបានកើតមានទ្បើង លើទឹកដីអង្គរនៃយើងជាង ៥០០ ឆ្នាំមកហើយ រហូតសម្រេចបានការបញ្ចប់ទាំងស្រុង នូវអរិភាពទាំងនេះ និងទទួលបានសន្តិភាព ពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកា គណបក្ស ប្រជាជនកម្ពុជាទាំងអស់។ ដូចនេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមបន្តថែរក្សាសុខ សន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្ស សម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍ តរៀងទៅ៕











