ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ថា មិនត្រូវមើលកម្ពុជា ត្រឹមតែកម្ពុជាទេ គឺត្រូវមើលកម្ពុជាឲ្យហួសពីកម្ពុជា ដោយកម្ពុជាមានកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ សម្តេចតេជោ បានប្រកាសថា គ្មានបរទេសណាមួយ ទៅវិនិយោគនៅប្រទេស ដែលគ្មានសន្តិភាព និងគ្មានស្ថិរភាពនយោបាយនោះឡើយ។ សម្តេចថា លំហ នៃសុខសន្តិភាព គឺជាកត្តាហុតផលដល់ប្រជាជនយ៉ាងពិតប្រាកដ។
សម្ដេចតេជោ បញ្ជាក់ថា «ល្ងាចស្អែកនេះ ខ្ញុំនឹងជួប ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ខ្ញុំក៏នឹងប្រាប់ពួកគេថា មិនត្រូវមើលកម្ពុជា ត្រឹមតែកម្ពុជាទេ ត្រូវមើលកម្ពុជា ឲ្យហួសពីកម្ពុជា ដោយកម្ពុជាមានកិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន ដែលហៅកាត់ថា អាស្ដារ។ កម្ពុជា ក៏ជាហត្ថលេខី នៅក្នុងកិច្ចព្រមព្រៀង នៃភាពជាគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដែលហៅកាត់ថា អាសិប»។
សម្ដេចតេជោ បន្ដថា កម្ពុជា ក៏ជាដៃគូពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន និងកូរ៉េខាងត្បូង។ សម្ដេចថា កម្ពុជា នឹងចុះកិច្ចព្រមព្រៀងសេរីជាមួយអារ៉ាប់ ហើយកម្ពុជា ក៏ត្រូវរៀបចំខ្លួនធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួនទៀត។ ខណៈ អាស៊ាន ក៏ធ្វើកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ផងដែរ។
ជាមួយគ្នានេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា កម្ពុជា ក៏តម្រូវការធនធានមនុស្សផ្នែកបច្ចេកទេស កាន់តែមានតម្រូវការខ្លាំងឡើងៗ។ សម្ដេច ថា ប្រសិនបើកម្ពុជា គ្មានធនធានមនុស្សគ្រប់គ្រាន់ទេ គឺកម្ពុជាមិនទទួលបានជោគជ័យ នៅក្នុងការទាក់ទាញវិនិយោគិនបានទេ។
សម្ដេច បញ្ជាក់ទៀតថា «ឥឡូវនេះ តម្រូវការនៃបញ្ហាបច្ចេកទេស កាន់តែធំ កាន់តែមានតម្រូវការខ្លាំងណាស់ ព្រោះអ្វី មួយផ្នែកតម្រូវការក្នុងស្រុក ដែលកំពុងមានស្រាប់ ប៉ុន្តែមួយផ្នែកទៀត ការទាក់ទាញវិនិយោគ ដើម្បីឲ្យមកកាន់ទីនេះ»៕