កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំ ដល់មន្ទីរអប់រំយុវជននិងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ មានវិធានការ អប់រំ ដើម្បីទប់ស្កាត់ ការកម្រើកឡើងវិញនៃក្មេងទំនើង នៅក្នុងសហគមន៍ ។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០២៣ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ អប់រំយុវជននិងកីឡា ឆ្នាំសិក្សា ២០២១-២០២២ ឆ្លុះបញ្ចាំងអំពីសមិទ្ធផលរយៈពេល ៥ ឆ្នាំ នៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ និងទិសដៅបន្ត ២០២២ – ២០២៣ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា បច្ចុប្បន្នបញ្ហាក្មេងទំនើង បានកម្រើកឡើងវិញបន្ទាប់ពី មានការស្ងប់ស្ងាត់មួយរយៈ។ អញ្ចឹងសូមស្នើដល់មន្ទីរអប់រំ ក៏ដូចជា លោកគ្រូអ្នកគ្រូទាំងអស់ សូមយកចិត្តទុកដាក់ គ្រប់គ្រងដល់សិស្សានុសិស្សរបស់យើង ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ កុំឱ្យបញ្ហាក្មេងទំនើងកើតមាន នៅក្នុងសហគមន៍មូលដ្ឋានរបស់យើង ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាក្មេងទំនើងនេះ អាចបង្ករចេញជាបញ្ហាច្រើនដូចជា អាចបង្កើតអំពើហិង្សា នៅក្នុងសាលារៀន ឬក្រៅសាលារៀនក៏មាន ឬអាចចែកជាក្រុមបង្កអំពើហិង្សាពីសាលាមួយ ទៅសាលាមួយទៀត និងអាចមានការអូសទាញ បបួលគ្នាឱ្យទៅប្រើប្រាស់ បំពានគ្រឿងញៀនផងដែរ ។

ដូច្នេះបញ្ហាទាំងនេះ ដែលយើងត្រូវយកចិត្តទុកដាក់គិតគូរ ទាំងអស់គ្នាពាក់ព័ន្ធនិងការជម្រុញ ការកសាងធនធានមនុស្ស ពីកម្រិតមូលដ្ឋានទៅ ដើម្បីឈានឆ្ពោះទៅទទួលបាននូវធនធានមនុស្ស សម្រាប់សង្គមជាតិ ដែលពួកគាត់អាចមានលទ្ធភាព នៅក្នុងការបន្តការសិក្សា ពង្រឹងសមត្ថភាពអាចចូល ទៅធ្វើការក្នុងវិស័យឯកជន ឬការងាររដ្ឋាភិបាលជាដើម ដើម្បីនាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើនដល់សង្គមជាតិ ៕

