ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បញ្ចេញ ២៣០លានដុល្លារ សាងសង់ស្ពានឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅស្វាយរៀង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រចបញ្ចេញថវិកា ២៣០លានដុល្លារ សម្រាប់សាងសង់ស្ពាន ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងអាចបើកដំណើរការសាងសង់ ក្នុងឆ្នាំ២០២៣នេះ ដោយចំណាយជាង ១ពាន់លានដុល្លារ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នៅថ្ងៃ២៧ កុម្ភៈ សម្តេចតេជោបានថ្លែងប្រកាសថា «រាជរដ្ឋាភិបាល សម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារ (ពីរទៅពីរមក) ដោយឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើម្បីសម្រួលដល់ការចំណាយ អ្នកប្រើប្រាស់ផ្លូវល្បឿនលឿន»។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀតឱកាសនោះដែរ សម្តេចនាយករដ្ឋមន្ដ្រី លើកឡើងថា ជំនាញបច្ចេកទេស គឺជាជំនាញត្រូវនឹងតម្រូវការចាំបាច់ នៃសង្គមបច្ចុប្បន្នដែលត្រូវបង្កើន និងពង្រឹងឲ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនោះ ក៏ត្រូវឲ្យមានការចាប់អារម្មណ៍ លើជំនាញវិជ្ជាជីវៈដូនតាដូចជា៖ ចម្លាក់ តម្បាញ ជាដើម ដែលរដ្ឋកំពុងតែគាំពារ និងលើកទឹកចិត្តបន្ថែមទៀត។

សម្ដេចបន្ដថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ មានតម្រូវការកាន់តែធំ ទើបដាក់ចេញផែនការគោល នយោបាយឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធធ្វើការបណ្ដុះបណ្ដាល លើជំនាញវិជ្ជាជីវៈនេះដល់ សិស្សនិស្សិតកម្ពុជាប្រមាណ ១,៥ លាននាក់នៅឆ្នាំក្រោយ៕

To Top