ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងការកោតសើរ សហព័ន្ធសហគ្រិនកម្ពុជា ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ចំពោះការបង្កជាបរិយាកាស អំណោយផល សម្រាប់ការបង្កើត និង ពង្រីកបណ្តាញ នៃការទាក់ទងគ្នា ក៏ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍ សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្ម ដែលកំពុងដំណើរការ ។

លោក សូមកោតសរសើរ ចំពោះសមាគមសហគ្រិនស្ត្រីកម្ពុជា (CEWA), សមាគមម្ចាស់អាជីវកម្មជាដៃគូ (BNI Cambodia), សមាគមសហគ្រិន វ័យក្មេងកម្ពុជា (YEAC), សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia), សមាគមទេសចរណ៍កម្ពុជា (CATA), សមាគមពាណិជ្ជកម្ម និង វិនិយោគកម្ពុជា-ជប៉ុន (CJBI) និង សមាគមមិត្តយើង ដែលបានផ្តួចផ្តើម និងសហការគ្នា ក្នុងការរៀបចំវេទិកាសហព័ន្ធ សហគ្រិនកម្ពុជា ២០២៣ ដ៏សំខាន់នេះឡើង ។ វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣នេះ គឺជាវេទិកាសហគ្រិនដំបូង និង ធំជាងគេ នៅកម្ពុជា ដោយមានការចូល រួមពីសហគ្រិនពីគ្រប់វិស័យ និង គ្រប់ទំហំអាជីវកម្ម ដែលបានញ៉ាំងឱ្យវេទិកានេះ មានភាពមហោឡារិក និង បានបង្កជាបរិយាកាស អំណោយផលសម្រាប់ការបង្កើត និង ពង្រីកបណ្តាញនៃការទាក់ទងគ្នា ក៏ ដូចជាការផ្លាស់ប្តូរ មតិយោបល់ និង ទស្សនាទានថ្មីៗ ដើម្បីជាប្រយោជន៍ សម្រាប់សហគ្រិន ក្នុងការជំរុញបន្ថែមដល់អាជីវកម្ម ដែលកំពុងដំណើរការ ។

លោក រំលេចផងដែរថា យោងតាមបទពិសោធន៍ នៃការផ្តល់យោបល់លើកិច្ចការមួយចំនួនពាក់ព័ន្ធ នឹងភាពជាដៃ គូរវាងរដ្ឋ និងឯកជន គឺតួអង្គទាំងពីរ អាចរួមសហការគ្នា ប្រកបដោយភាពយោគយល់ និង ការទុកចិត្តខ្ពស់ ក្នុងការអនុវត្ត គោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលអាចរួម ចំណែកយ៉ាងមាន ប្រសិទ្ធភាពក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា បានដោយភាពរលូន ។ ក្នុងន័យនេះ, ជាទស្សនៈថ្មីមួយ គឺថាវិស័យឯកជន អាចមានច្រកចេញចូលតែមួយ និងមានភាពជាតំណាងច្បាស់លាស់ពីវិស័យ ឬ ផ្នែកនីមួយៗ ដើម្បីរួមសហការជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា ជាពិសេស មីក្រូសហគ្រាស និងសហគ្រាសធុនតូច និងមធ្យម។

លោក លើកជាទស្សនៈផ្ទាល់ខ្លួន ដូចទៅនឹងវិស័យឧស្សាហកម្មផងដែរ , វិស័យកសិកម្មក៏ជាមូលដ្ឋាន គាំទ្រមួយដ៏សំខាន់ដល់វិស័យផ្សេងៗទៀត ក្នុងចរន្តសេដ្ឋកិច្ចជាតិទាំងមូល ជាពិសេសការចូលរួមបង្កើតឱ្យមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈគំនិតផ្តួចផ្តើមនៃ «តំបន់មួយ វិស័យមួយ»។ តាមរយៈទស្សនៈនេះ, ជាការចាំបាច់សម្រាប់កម្ពុជាពិនិត្យ និងសិក្សាអំពីសក្តានុពលនៃតំបន់នីមួយៗ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីកំណត់ អំពីប្រភេទវិស័យអាទិភាព និង រៀបចំការលើកទឹកចិត្ត និងវិនិយោគ លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាឱ្យតំបន់នោះ មានភាពទាក់ទាញ និងសមស្របសម្រាប់ការវិនិយោគ និងធុរកិច្ច ប្រកបដោយផលិតភាព និងភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារទាំងក្នុងស្រុក និង អន្តរជាតិ ៕


















