ភ្នំពេញ ៖ សិស្សានុសិស្សមានជីវភាពលំបាកចំនួន១០០នាក់ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាពនៃក្រុងព្រះសីហនុ ទទួលបានអំណោយជាកង់ចំនួន១០០គ្រឿង ពីស្ថានទូតចិន តាមរយៈក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣លោក គង់ ច័ន្ទវាសនា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី បាននាំយកអំណោយជាកង់ចំនួន១០០គ្រឿង របស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ប្រគល់ជូន សិស្សក្រីក្រចំនួន ១០០នាក់ នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក គង់ ច័ន្ទវាសនា បានលើកឡើងថា អំណោយនេះ ផ្តើមចេញពីការផ្តល់ឱកាសរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកក្នុងការចូលរួមវគ្គបណ្តុះបណ្តាលជាន់ខ្ពស់រយ: ពេលខ្លីនៅចិន កាលពីចុងឆ្នាំ២០២១កន្លងទៅ។

តាមយៈវគ្គសិក្សានេះ លោកបានកសាងទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយភាគីចិន និងស្ថានទូតចិន រហូតទទួលបានអំណោយ សម្រាប់យកមកប្រគល់ជូននៅពេលនេះ ដើម្បីចូលរួមលើកស្ទួយវិស័យអប់រំ ដែលផ្តល់ឱកាសក្នុងការអភិវឌ្ឍខ្លួន និងបោះជំហានទៅមុខ។ លោកថា ជានិច្ចជាកាលលោក ហ៊ុន ម៉ានី តែងតែយកចិត្តទុកដាក់ និងផ្តល់ឱកាសដល់ យុវជនទាំងអស់គ្នា ក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីហ្វឹកហាត់ពត់លត់ដំខ្លួនឲ្យក្លាយ ជាអនាគតទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។
ក្នុងនាមប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងព្រះសីហនុ ជាពិសេសអាណាព្យាបាល សិស្សានុសិស្ស ដែលកំពុងជួបប្រទះការ លំបាកក្នុងជីវភាព លោក តឹករ៉េត សំរេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថានទូតចិន ដែលជាម្ចាស់អំណោយ និងក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានខិតខំសម្រ បសម្រួល និងចាត់ចែងបញ្ជូនអំណោយសប្បុរសធម៌នេះ មកចែកជូនដល់ក្មួយៗសិស្សានុសិស្ស ដែលមានជីវភាពលំបាក សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅសាលារៀន។

ជាមួយគ្នានោះដែរ លោកបានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃ ក្រុងព្រះសីហនុ ចំពោះការគាំទ្រដល់វិស័យអប់រំ និងចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលជា កម្លាំងជួរមុខក្នុងការផ្តល់ ការអប់រំបណ្តុះបណ្តាល ប្រកបដោយគុណភាពដល់សិស្សានុសិស្ស ឲ្យក្លាយជាសសរទ្រូងយ៉ាងរឹងមាំ របស់ប្រទេសជាតិ៕




