ភ្នំពេញ៖ រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាព អ្នកតំណាងរាស្ត្រថ្មីមួយរូបជំនួស អ្នកតំណាងរាស្ត្រដែលទទួលមករណភាព និងបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការជំនាញរដ្ឋសភាមួយរូប ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការដ្ឋសភាចំនួន៩៨រូប។

មុនចាប់ផ្តើមបើកសម័យប្រជុំ អង្គសភាបានអនុម័តសមាសភាព លេខាធិការចំនួន៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន៖ លោក នាង វាសនា អាយុ ៤១ឆ្នាំ ,លោក ចាប ម៉ុច អាយុ ៦៥ឆ្នាំ និងលោកខឹម ច័ន្ទគីរី អាយុ៦៦ឆ្នាំ ។

ក្នុងសម័យប្រជុំរដ្ឋសភា សម្រេចអំពីសុពលភាព នៃអាណត្តិរបស់លោក ទី ថានី ជាតំណាងរាស្ត មណ្ឌលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព។

សម្ដេច ហេង សំរិន បានអានសេចក្តីប្រកាសរបស់សភា ទទួលស្គាល់ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់បេក្ខជន ជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៦ នៃរដ្ឋសភា លោក ទី ថានី តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ជំនួស លោក ខូយ សុខាដែលបានទទួលមរណភាព។

មួយទៀត បោះឆ្នោតជ្រើសតាំងលោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ៕


