ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ឲ្យជួយជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យទេសចរណ៍ តាមរយៈការមកដល់របស់ភ្ញៀវ ទេសចរណ៍បរទេសមកដល់ សិង្ហបុរីហើយ បានហួសបន្តមកកម្ពុជា។
នាឱកាសអនុញ្ញាតឲ្យលោក LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម នាថ្ងៃ២៨ កុម្ភៈ សម្ដេចតេជោបានថ្លែងថា «សូមឲ្យសិង្ហបុរី លើកទឹកចិត្ត ជំរុញការតភ្ជាប់ ជាពិសេសការតភ្ជាប់ តាមផ្លូវអាកាស ដោយជំរុញឲ្យទេសចរណ៍ ដែលមកដល់សិង្ហបុរីហើយ បានបន្តមកដល់កម្ពុជាផង ក៏ ដូចជាជំរុញកិច្ច សហប្រតិបត្តិការលើវិស័យអប់រំ និងកិច្ចសហប្រតិបត្តិការ លើការ ផ្ដល់សេវាសុខាភិបាល ផងដែរ»។
សម្រាប់លោក LAU វិញ បានគោរពសុំអនុសាសន៍ពីសម្ដេចតេជោ ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែខ្លាំងឡើង ។
បើយោងតាមសារព័ត៌មាន South China Morning Post បានផ្សាយថា ក្នុងឆ្នាំ២០២៣នេះ សិង្ហបុរីរំពឹងទាញចំណូល ទេសចរណ៍១៦ពាន់លានដុល្លារ ក្រោយចិនបើកព្រំដែនឡើងវិញ ធៀបនឹងឆ្នាំ២០២២ ក្នុងទឹកប្រាក់១០,៦ពាន់លានដុល្លារ ជាមួយនឹងចំនួនភ្ញៀវទេសចរ ៦,៣លាននាក់។ សិង្ហបុរីក៏សង្ឃឹមថា ចំនួនភ្ញៀវទេសចរ ដែលខ្លួនទទួលបាននឹងកើនឡើងទ្វេរដង ធៀបនឹងឆ្នាំមុនឈានដល់១២ទៅ ១៤លាននាក់ក្នុងឆ្នាំ២០២៣៕