ព័ត៌មានជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ ៖​ គ្មានពេលណា ដែលទំនាក់ទំនងកម្ពុជា និងអាមេរិក ល្អជាងពេលនេះទេ

ភ្នំពេញ​ ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានថា​ គ្មានពេលណា ដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ ហេីយអ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានការរីកចម្រើន ។

ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយ លោក ម៉ៃឃើល មីឆាឡាក់ ( Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន​ សែន​ បានបញ្ជាក់ថា​ “គ្មានពេលណា ដែលទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ ។ អ្វីដែលជាសក្ខីភាពនោះ គឺទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ មានការរីកចម្រើន ប្រជាជននៅសហរដ្ឋអាមេរិក ប្រើប្រាស់សម្ភារៈផលិតនៅកម្ពុជា ហើយប្រជាជនកម្ពុជា មានការងារធ្វើ នេះហើយ ជាអ្វីដែលយើងនឹង ជំរុញបន្តទៅមុខទៀត”។

នាឱកាសនោះ​ លោក ម៉ៃឃើល មីឆាឡាក់ ក៏បានគោរពជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និង ការបោះឆ្នោតជាសកល នៅក្នុងខែកក្កដាខាងមុខ ។

លោក ម៉ៃឃើល មីឆាឡាក់ បន្ដ ថា គោលបំណងរបស់គណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា នៅពេលនេះ គឺដើម្បីសម្ដែងនូវការគាំទ្រ ដល់ផែនការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩ ដោយស្វែងរកមធ្យោបាយកែលម្អលទ្ធភាព ទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង លើកកម្ពស់វិស័យឯកជន របស់សហរដ្ឋអាមេរិក សម្រាប់ជាប្រភពសំខាន់នៃការយល់ដឹង ការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក​ ប​ន្ថែមថា​ ពិសេសក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹង ឧស្សាហកម្មដែលមានស្រាប់ ដោយបណ្ដុះបណ្ដាលតម្លៃ បន្ថែមសេវាកម្ម និងឧស្សាហកម្មឲ្យកាន់តែខ្ពស់ និងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង កសាងសមត្ថភាពរួមទាំង ការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ជូនដល់ធុរកិច្ចសហរដ្ឋអាមេរិកទាំងអស់ រួមទាំងក្រុមហ៊ុន ហ្វៃហ្ស៊័រ ក្រុមហ៊ុនហ្វត ក្រុមហ៊ុន Abbott ។ល។ ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលតំណាងឲ្យគុណភាព៕

To Top