ព័ត៌មានជាតិ

សម្ដេចតេជោ ហួសចិត្ត អ្នកខ្លះបានសញ្ញាបត្រនៅកម្ពុជា រួចហើយទៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រ ក្នុងស្រុក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្ដែងការហួសចិត្តចំពោះមនុស្សមួយចមនួន រៀន និងទទួលសញ្ញាបត្រនៅកម្ពុជារួចហើយ ប៉ុន្តែចេញទៅរស់នៅក្រៅប្រទេស បែរមកបង្អាប់សញ្ញាបត្រក្នុងស្រុកវិញ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជិត នាថ្ងៃ១ មីនា សម្ដេចតេជោបញ្ជាក់ថា មិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។

សម្ដេចតេជោថា «រឿងគួរដែលចង់សើច គឺអ្នកដែលរៀននៅកម្ពុជា ទទួលសញ្ញាបត្រនៅកម្ពុជា រៀនតាំងពីបឋម រហូតដល់ឧត្តម ដល់ចេញក្រៅប្រទេស បង្អាប់សញ្ញាបត្រក្នុងស្រុក។ អីចឹងអាសូរខ្លួនឯងរៀនចប់បណ្ឌិតពីលើមេឃមក គឺអត់ទេ វារៀនចប់នៅក្នុងស្រុក រួចហើយបានទៅក្រៅស្រុក គេហៅបណ្ឌិតទៀត រួចហើយមកបង្អាប់កន្លែងខ្លួនឯង»។

សម្ដេចតេជោបន្ដថា ធ្វើជាមនុស្សយ៉ាងហោចណាស់ ត្រូវដឹងគុណ បើមិនដឹងគុណចំពោះមាតុភូមិទេ ក៏គួរដឹងគុណមាតា-បិតា និងគ្រូបង្រៀនផងដែរ។ សម្ដេចក៏បានផ្ដាំដល់និស្សិតថា នៅពេលជួបគ្រូបង្រៀនរបស់ខ្លួនកុំនិយាយថា «លោកគ្រូឯងបង្រៀននៅកន្លែងដដែល»។ សម្ដេចថា បើគ្មានគ្រូបង្រៀន និងមាតា-បិតា ដឹកដៃនោះទេ ក៏គ្មានពេលនេះដែរ៕

To Top