ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទូន្មានក៏ដូចជា ការក្រើនរំលឹកដល់មិត្តបរទេស កុំកសាងកំហុសជាលើកទី៣ មកលើទឹកដីកម្ពុជា ខណៈធ្លាប់គាំទ្ររដ្ឋប្រហារនៅកម្ពុជា បើកឲ្យរបបប៉ុលពត វាតទី ធ្វើឲ្យប្រជាជនកម្ពុជា ស្លាប់ជាច្រើនលាននាក់។
សម្តេចតេជោ បានថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា២ខ្នង និងប្រគល់សញ្ញាបត្រជូននិ ស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃ១ មីនា ថា «ខ្ញុំសូមរំលឹកដល់មិត្តបរទេស កុំកសាងកំហុសជាលើកទី៣ មកលើកម្ពុជាដែលកំហុសនោះមាន ៖ទី១គឺអ្នកអះអាងខ្លួនជាអ្នកប្រជាធិបតេយ្យប៉ុន្តែអ្នក គាំទ្រចំពោះរដ្ឋប្រហារមួយនៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៧០ ។ ពួកអ្នកឯងតែងតែអួតថា អ្នកប្រជាធិបតេយ្យ ប៉ុន្តែគាំទ្ររដ្ឋប្រហារមួយនៅកម្ពុជាដែលធ្វើឲ្យប្រទេសមួយនេះ ទៅកាន់សង្គ្រាមមួយ ហើយបើកផ្លូវឲ្យពួកប៉ុលពតបានវិលត្រឡប់។ កំហុសទី២៖គឺតើអ្នកនាំចាំទេ?ថាអ្នកបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១។ ពួកអ្នកមិនដែលបង្ហាញអំពីការសោកស្តាយចំពោះឥរិយាបថនយោបាយ ការបរទេសរបស់អ្នក ចំពោះប្រទេសខ្ញុំទេ។ អីចឹងខ្ញុំគ្រាន់តែទូន្មានឬផ្តល់យោបល់ ដល់អ្នកឯងថា សូមកុំកសាងកំហុស ជាលើកទី៣នៅកម្ពុជា» ។
សម្តេចតេជោបន្តថា ពាក្យក្រើនរំលឹកនេះ គឺធ្វើឡើងនៅពេលជួបជាមួយមិត្តបរទេស មួយចំនួន ហើយតាំងខ្លួនជាអ្នកប្រទេសជាធិបតេយ្យ ទើបសម្តេចចង្អុលបង្ហាញ ប៉ុន្តែមានអ្នកខ្លះបាននិយាយថានេះ កំហុសធំណាស់ នៅក្នុងអតីតកាល ។
សម្តេចតេជោក៏បានបន្ថែមថា ប្រទេសជាមិត្តមួយចំនួនមិនដែលបានធ្វើការសុំទោសនូវអ្វីដែលគេធ្វើមកលើកម្ពុជា ឬសម្តែងការសោកស្តាយនោះទេ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងកេរ្តិ៍មរតកដែលប៉ុលពតបន្សល់ទុក គឺគ្មានអ្វីក្រៅពីផលវិបាករាប់មិនអស់ ដូចជាស្ត្រីមេម៉ាយ កុមារកំព្រា ប្រជាជនត្រូវជម្លៀសពីកន្លែងមួយទៅកន្លែង ដោយត្រូវរែក ចាន ឆ្នាំង កូន។
សម្តេចគូសបញ្ជាក់ថា «នេះជារឿងពិតដែលបានកើតឡើងនៅក្នុងទឹកដីកម្ពុជា អីចឹង មនុស្សមួយចំនួនដែលទទួលយកសច្ចៈធម៌ពិតបានបង្ហាញនូវការស្ងប់ស្ងែងខ្លួនឯងថាអញកាលហ្នឹងក្រណាស់រកស្បែកជើងមួយពាក់មិនបានផង»។
ជាមួយគ្នានោះដែរ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា នៅបណ្តាប្រទេសមួយចំនួន អ្នកដែលចង់ធ្វើជានាយករដ្ឋមន្ត្រីគឺមានភាពងាយស្រួល ដោយសារគេមានក្រសួង ស្ថាប័នស្រាប់ គ្រាន់តែយកឈ្នះការបោះឆ្នោតបានហើយ ប៉ុន្តែសម្រាប់កម្ពុជាគឺមានការពិបាក ដោយសារប្រទេសត្រូវបានសង្គ្រាមបំផ្លាញ់ខ្ទេចខ្ទី។ ដូច្នេះត្រូវបានចាប់ផ្តើមកសាងបន្តិចម្តងៗ។
សម្តេចតេជោក៏បានឲ្យដឹងទៀតថា បរទេសខ្លះមិនគ្រាន់តែគាំទ្រនៅអង្គការសហប្រជាជាតិដើម្បីដោះស្រាយជាមួយកម្ពុជាទេ ផ្ទុយទៅវិញថែមទាំងដាក់ទណ្ឌកម្មចំពោះកម្ពុជាទៀត ៕