ភ្នំពេញ ៖ ភាគីកម្ពុជា-កូរ៉េ បានចុះហត្ថលេខាចាប់ផ្តើម សហប្រតិបត្តិការទ្វេភាគី លើរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដើម្បីផលប្រយោជន៍គ្នា ទៅវិញទៅមក។
ក្នុងឱកាសអញ្ជើញជាអធិបតី និងជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ស្តីពី “កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក” នាថ្ងៃ២៨ កុម្ភៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម គូសបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ ពិតជាមានសារៈសំខាន់ដែលបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក លើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាព របបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់ អត្ថប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍន៍គ្រឹះ នៃការទំនាក់ទំនងដ៏រឹងមាំ នាពេលអនាគត រវាងបេឡាជាតិសន្តិសុខសង្គម កម្ពុជា និងកូរ៉េ។
លោកថា តាមរយៈការចែករំលែកបទពិសោធន៍ ចំណេះដឹង និងការងារពាក់ព័ន្ធផ្សេងៗ របស់អង្គភាពសោធនជាតិកូរ៉េ ជាធាតុចូលបន្ថែម ដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់ទទួលបានសន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា គ្មានទុកអ្នកណាម្នាក់ឲ្យនៅក្រៅសំណាញ់នៃការគ្របដណ្តប់របស់ប្រព័ន្ធសន្តិសុខសង្គមឡើយ។
លោកបញ្ជាក់ថា “ទាំងអស់នេះជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសអាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសនៅក្នុងអាស៊ាន និងជាពិសេស លិខិតតូបករណ៍ថា្នក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធលទ្ធភាព រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើការជំរុញឲ្យមានកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសនៃប្រទេសទាំងពីរផងដែរ”។
ចំណែកលោក Kim Chi-mook នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិនៃអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតបណ្តាញជិតស្និទ្ធមួយ ដើម្បីបន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការ ។ លើសពីនេះទៀត ប្រព័ន្ធសោធននិវត្តន៍របស់សាធារណរដ្ឋកូរ៉េ និងកម្ពុជានឹងអភិវឌ្ឍន៍រួមគ្នា។
ចំណែក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ឲ្យដឹងដែរថា កន្លងមក បេឡាជាតិសន្តិសុខសង្គមកម្ពុជា មានកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ អង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការ ជាមួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន៕