ព័ត៌មានជាតិ

សម្តេចតេជោ លើកទឹកចិត្តដល់ពលរដ្ឋ ចិញ្ចឹមសត្វជិតផុតពូជ សម្រាប់ភ្ញៀវទេសចរទស្សនា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ សម្រាប់ភ្ញៀវទេសចរទស្សនា ដើម្បីទទួលកម្រៃពីទេសចរណ៍ផងដែរ។

ការស្នើរបស់សម្តេចនេះ ក្រោយពីមានក្រុមគ្រួសារមួយ បានចិញ្ចឹមសត្វក្ងោកដែលជា សត្វជិតផុតពូជអស់រយៈកាលយូរល្មមដែរ ប៉ុន្តែកាលពីថ្ងៃ២០ កុម្ភៈ មានមន្រ្តីនៃរដ្ឋបាលព្រៃឈើ ចាប់ដកហូតយកមកទុកសួនសត្វភ្នំតាម៉ៅ ដោយចោទថា ការចិញ្ចឹមនេះខុសច្បាប់ ។ ក្រោយកើតរឿងហេតុ ដោយសារទទួលសារពីពលរដ្ឋ មិនពេញចិត្តចំពោះទង្វើរបស់មន្រ្តីរដ្ឋបាលព្រៃឈើ ក៏សម្ដេចតេជោ កាលពីថ្ងៃ២៨ កុម្ភៈ បានចេញបទបញ្ជាបន្ទាន់ ឲ្យមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលចុះទៅចាប់សត្វក្ងោក នៅផ្ទះប្រជាពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនដល់ម្ចាស់គេវិញ ។ បន្ទាប់ពីមានបញ្ជាពីសម្តេចមិនដល់ ២ម៉ោងផង ក៏បានបញ្ជូនសត្វក្ងោកទាំង ២០ក្បាល ឲ្យម្ចាស់ដើមវិញនាថ្ងៃដដែល។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារសិក្សាចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃ១ មីនា សម្ដេចតេជោបានណែនាំ ដល់ប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យកសត្វ ដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។ សម្ដេចថា បើយកទោសចំពោះអ្នកចិញ្ចឹមសត្វក្ងោកនោះ អ្នកមានទោសមុនគេគឺ សម្តេច បន្ទាប់មកលោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស ដោយគ្រួសារសម្តេចក៏បាន ចិញ្ចឹមសត្វក្ងោកនេះដែរ ។

សម្ដេចតេជោបញ្ជាក់ថា «ប្រភពសត្វជិតផុតពូជនេះ គឺយើងបកពីការរឹតត្បិត ឲ្យទៅជាចលនាចិញ្ចឹមសត្វ ដែលជិតផុតពូនេះ ព្រោះអាហ្នឹងអត់មានខាតអីទាល់តែសោះ ហើយចិញ្ចឹមដើម្បីយកសាច់ យកសាច់ទៅធ្វើអី អាណាស៊ីសាច់ក្ងោក។ នាំគ្នាចិញ្ចឹម ហើយប្រជាពលរដ្ឋអាចដាក់ទីតាំងមួយ សម្រាប់មើលរបស់ប្រជាជន ហើយអាចទទួលកម្រៃ ពីទេសចរណ៍ដែលចង់មើល។ ខ្ញុំ ចង់បង្វែប្រជាពលរដ្ឋរបស់យើងចិញ្ចឹមសត្វ ដែលជិតផុតពូជទៅវិញ»។

លើសពីនេះ សម្ដេចនាយករដ្ឋមន្ដ្រី ក៏មិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់ រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាង លើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេច បញ្ជាក់ទៀតថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។

សម្ដេច ក៏បានណែនាំឲ្យពិនិត្យបន្ទាន់ លើបញ្ហាច្បាប់ដែលពាក់ព័ន្ធសត្វព្រៃ ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សម្ដេចថា សត្វនេះអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វក្ងោក និងសត្វកម្រផ្សេងទៀត បើងាយចិញ្ចឹម ត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ ខណៈសកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញ។

ជាងនេះទៅទៀត សម្ដេចតេជោលើកឡើងថា កន្លែងចិញ្ចឹមសត្វព្រៃនៅភ្នំតាម៉ៅ មិនប្រាកដថា «ចិញ្ចឹមរស់ឡើយ» ដូច្នេះការអនុវត្តច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច៕

To Top