ភ្នំពេញ ៖ ថ្លែងដោយមិនបញ្ចេញចំឈ្មោះ បុគ្គលណាមួយ ដែលបានប្រមាថ ព្រះមហាក្សត្រកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងដោយសង្កត់ធ្ងន់ថា ការប្រមាថលើអង្គព្រះមហាក្សត្រនេះ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋ ។

ចំពោះការប្រមាថ អង្គព្រះមហាក្សត្រនេះ តាមរយៈការបង្ហាញ ក្នុងហ្វេសប៊ុក ក៏ដូចជាការផ្តល់បទសំភាសន៍ នានាទៅដល់ប្រព័ន្ធផ្សព្វផ្សាយ ដែលមាននិន្នាការប្រឆាំង លោក សម រង្ស៊ីដែលថ្នាក់កំពូលកម្ពុជា ចាត់ទុកជាពូជក្បត់ជាតិ៣ជំនាន់នោះ(ជីតា-ឪពុកនិងសម រង្ស៊ី) និងអ្នកគាំទ្រអតីតមេបក្ស ប្រឆាំងនេះ តែងតែលើកក្នុងន័យចំៗប្រមាថព្រះមហាក្សត្រ ។

ក្នុងពិធីសម្ពោធអគារទីបញ្ជាការ និងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានកាំភ្លើងធំ កងទ័ពជើងគោក នៅកំពង់ឆ្នាំង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកពីអនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ ត្រូវរក្សាភាពស្មោះត្រង់ និងភាពដាច់ខាតនៅក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវបន្តប្រុងប្រៀបត្រៀម លក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីការពារសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម និងស្ថិរភាពជាតិ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក សង្កត់ធ្ងន់ថា «ការប្រមាថលើអង្គព្រះមហាក្សត្រ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋ ។ ដូច្នេះ ក្នុងនាមជាកងកម្លាំងដែលមានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ កងទ័ពជើងគោក សូមប្តេជ្ញាការពារអង្គព្រះមហាក្សត្រ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ សន្តិភាព និងការបង្រួបបង្រួមជាតិ ដើម្បីធានាការពារនិរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ដោយប្រឆាំងដាច់ខាតចំពោះរាល់អំពើខុសច្បាប់ទាំងឡាយណា ដែលញុះញង់ឲ្យបែកបាក់សាមគ្គីភាពជាតិ” ។

លោកបន្តថា តាមរយៈប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា គឺបានសបញ្ជាក់ហើយថា ការបែកបាក់សាមគ្គីបាននាំមកនូវសង្រ្គាម ដែលជាសត្រូវរួម របស់ប្រជាជាតិខែ្មរទាំងមូល ៕

