ភ្នំពេញ៖ ស្របពេលដែលស្ថានភាពនៃជម្លោះ នៅក្នុងទឹកដីអ៊ុយក្រែន កាន់តែឡើងកម្ដៅ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងចោទជាសំនួរថា តើ អាមេរិកជួយអ៊ុយក្រែន និងចិនជួយរុស្ស៊ី ខុសគ្នាដូចម្តេច?។
ការលើកឡើងចោទជាសំនួរនេះ បន្ទាប់ពីមេដឹកកំពូលពីររូប ដែលពិភពលោក កំពុងសំឡឹងមើលយ៉ាងយកចិត្តទុកដាក់នោះ គឺលោក ស៊ី ជីនពីន ប្រធានាធិបតីចិន (មហាអំណាចសេដ្ឋកិច្ច) និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក (មហាអំណាចសព្វាវុធ) បានបង្ហាញជំហររឿងខ្លួន ទៅលើវិបត្តិមួយនេះ។
ក្នុងនោះលោក ហេង វ៉ាន់ដា បានលើកឡើងជាសំនួរចំនួនបីថា៖
១/ បៃឌិននិងណាតូ ជួយអ៊ុយក្រែន តើវាសនាអ៊ុយក្រែននឹងទៅជាយ៉ាងណា?
២/ លោក ស៊ី ជួយរុស្សី តើវាសនាអ៊ុយក្រែន នឹងទៅជាយ៉ាងណា?
៣/ តើបៃឌិនជួយអ៊ុយក្រែន និងលោកស៊ី ជួយរុស្ស៊ី ខុសគ្នាដូចម្តេច?
គួរបញ្ជាក់ថា ចិនដែលបានប្រកាសសម្ព័ន្ធភាព «គ្មានព្រំដែន» ជាមួយរុស្ស៊ីមិនយូរប៉ុន្មាន មុនពេលការលុកលុយកាលពីមួយឆ្នាំមុន បានបដិសេធមិនថ្កោលទោសការវាយប្រហារនេះ ហើយកាលពីសប្តាហ៍មុនបានចេញផ្សាយផែនការ ១២ចំណុចដែលអំពាវនាវឱ្យមានបទឈប់បាញ់ និងការបន្ថយបន្តិចម្តងៗដោយភាគីទាំងពីរ។

ទីក្រុងប៉េកាំង បាននិយាយថា ខ្លួនជំរុញឱ្យមានកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធីសម្រាប់វិបត្តិអ៊ុយក្រែន បើទោះបីជាមានការព្រមានពីសហរដ្ឋអាមេរិកថា ទីក្រុងប៉េកាំងអាចពិចារណាការផ្គត់ផ្គង់អាវុធដល់សម្ព័ន្ធមិត្តរបស់ខ្លួនគឺរុស្ស៊ីក៏ដោយ។
ដោយឡែកចំពោះ សហរដ្ឋអាមេរិកវិញ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Biden បានធ្វើទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលមួយ ទៅកាន់ទីក្រុងគៀវ ដែល ជាកន្លែងដែល លោកបានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ថាអាមេរិក កំពុងត្រៀមកញ្ចប់ជំនួយ យោធាចំនួន ៥០០លានដុល្លារ សម្រាប់កងកម្លាំង អ៊ុយក្រែន។

បន្ថែមលើសពីនោះ បើយោងតាម ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ដែលមកទស្សនកិច្ចថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយ ប្រហែល ៥០ពាន់លានដុល្លា រដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ រុស្ស៊ីនិងអ៊ុយក្រែន៕
