ព័ត៌មានជាតិ

អ្នកប្រើប្រាស់​​ យានយន្តអគ្គិសនី កើនឡើងគួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យ​ដឹង​ថា កំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី កើនឡើងគួរឱ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋយល់ដឹង ច្រើនពីគុណប្រយោជន៍ យានយន្ដប្រភេទនេះ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ នូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មី ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ក្រោមឈ្មោះ “EV STATION PLUZ” របស់ស្ថានីយប្រេងឥន្ធនៈ PTT នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តប្រភេទនេះ»។

លោកទេសរដ្ឋមន្ដ្រី បន្ដថា ជាក់ស្តែងបើតាមទិន្នន័យយានយន្តអគ្គិសនី ដែលបានចុះបញ្ជីគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៧៣១គ្រឿង ក្នុងនោះរថយន្តមានចំនួន ៣៦៩គ្រឿង ត្រីចក្រយានយន្ត (ម៉ូតូកង់បី) មានចំនួន ៣៣៩គ្រឿង និងទោចក្រយានយន្តមានចំនួន ២៣គ្រឿង។

លោកទេសរដ្ឋមន្ដ្រី បន្ថែមថា ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការណ៍ចំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនី ក្នុងអត្រា៧០% នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិង កំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការដំឡើងបន្ថែមនូវ ស្ថានីយបញ្ចូលថាមពលយានយន្ត អគ្គិសនីឱ្យបានកាន់តែច្រើន នៅទូទាំងផ្ទៃប្រទេស ដើម្បីសម្រួល និងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនី ឱ្យកាន់តែមានភាពងាយស្រួល។ សកម្មភាពនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន កាបូនឌីអុកស៊ីត ចេញពីយានយន្តដែលជាផ្នែកមួយ នៃការកើនឡើង នូវឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាចូលរួមអនុវត្តយុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន ឆ្នាំ២០៥០ (Long-Term Strategy for Carbon Neutrality 2050) និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនី របស់ពិភពលោក និងក្នុងតំបន់ផងដែរ ៕

To Top