ព័ត៌មានជាតិ

កូនផ្សោត១ក្បាលទៀត ទើបនឹងកើត បង្ហាញខ្លួននៅកន្លែង អភិរក្សអន្លង់កាំពី ខេត្តក្រចេះ

ភ្នំពេញ ៖ កូនផ្សោតថ្មីមួយក្បាលទៀត ទើបនឹងកើតនៅកន្លែង អភិរក្សអន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ការកើតបានកូនផ្សោតថ្មីនេះ បានធ្វើឲ្យហ្វូងផ្សោត មានចំនួនប្រមាណពី៧-៨ក្បាល នៅតំបន់នេះ ។

ការប្រទះឃើញកូនផ្សោតថ្មីនេះ ក្រោយពីក្រុមជំនាញរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ WWF កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ បានចុះធ្វើជំរឿន សត្វផ្សោតទន្លេមេគង្គ ។

បើតាមការសន្និដ្ឋានរបស់ក្រុមជំនាញ កូនផ្សោតថ្មីនេះ អាចទើបនឹងកើតនៅថ្ងៃ២៧ ឬ២៨ កុម្ភៈ មានទម្ងន់ពី៩-១០គីឡូក្រាម ប្រវែង១ម៉ែត្រ និងមានសុខភាពល្អ។

សូមបញ្ជាក់ថា កំណើតកូនផ្សោតថ្មីមួយក្បាលនេះ ស្របពេលនឹងការទទួល បាននូវអនុក្រឹត្យថ្មី ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការបង្កើតតំបន់គ្របគ្រង សត្វផ្សោតទន្លេមេគង្គ អនុម័ត ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ការទទួលបានកូនផ្សោតថ្មីនេះ ជាការខិតខំប្រឹងប្រែងការពាររួមគ្នារវាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមការគាំទ្រយ៉ាង ពេញទំហឹងពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ការងារចំពោះមុខ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តពង្រឹងការងារល្បាត អប់រំផ្សព្វផ្សាយ និងផ្លាស់ប្តូរមុខរបររបស់ប្រជានេសាទដែលប្រកបរបរនេសាទដោយមង ឬសន្ទូចរនងនៅក្នុងតំបន់ផ្សោតរស់នៅ ទៅប្រកបមុខរបរថ្មី ព្រោះឧបករណ៍នេសាទទាំងពីរប្រភេទនេះបានបង្កឲ្យផ្សោតស្លាប់ជាបន្តបន្ទាប់៕

To Top