ភ្នំពេញ៖ រឿងរ៉ាវជម្លោះរវាងអាជ្ញាធរ និងអ្នកស្ទូតត្រី នៅស្ទឹងព្រែកត្នោត កាលពីថ្ងៃ២៨ កុម្ភៈ បានដោះស្រាយចប់រួចរាល់ហើយ ក្រោយសមត្ថកិច្ចជលផលបានកោះហៅភាគីទាំងសងខាងគឺអាជ្ញាធរភូមិដូនកុក សង្កាត់បឹងធំ រាជធានីភ្នំពេញ និងអ្នកស្ទូចត្រីនៅស្ទឹងព្រែកត្នោត មកទប់មុខគ្នា បញ្ចប់ករណីភាន់ច្រឡំ និងការទទួលបានព័ត៌មានមិនច្បាស់លាស់។
ការកោះហៅ ដើម្បីបញ្ចប់រឿងនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកស្ទួតត្រីថតបង្ហោះ តាមបណ្តាញសង្គម នៅពេលដែលអាជ្ញាធរ ចុះហាមឃាត់ពួកគេមិនឲ្យស្ទូចត្រី ហើយបានដឹងលឺដល់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Na Rith ដែលជាអ្នកចុះទៅស្ទូចត្រី នោះបានឲ្យដឹងថា នៅថ្ងៃ២៨ កុម្ភៈ អាជ្ញាធរភូមិដូនកុក សង្កាត់បឹងធំ រាជធានីភ្នំពេញ បានយល់ច្រឡំថា ក្រុមស្ទូចត្រីខ្លួន ជាក្រុមឆក់ត្រី ហើយពួកគាត់បានរារាំង មិនឲ្យស្ទូចត្រីបាន។
លោកថា “លុះដល់ថ្ងៃទី០១/៣/២៣ សមត្ថកិច្ចជលផលនៅតំបន់នោះ បានអញ្ជើញប្រធានភូមិ និងក្រុមអ្នកស្ទូចត្រី ដើម្បីដោះស្រាយ ក្រោយពីបានជួបនិងពិភាក្សាយល់គ្នារួចមក ក្រុមស្ទូចត្រីយើងខ្ញុំអាចស្ទូចត្រីបានដោយមិនមានការហាមទៀតទេ លើកលែងតែតំបន់ហាមឃាត់ និងតំបន់អភិរក្សជលផល»។
ចំពោះករណីនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអបអរសាទអមដោយសារយ៉ាងខ្លីថា “ព័ត៌មានច្បាស់លាស់ ជាគ្រឹះនៃទំនុកចិត្តក្នុងសង្គម” ៕