នយោបាយ

កម្ពុជា នឹងបន្តទំនាក់ទំនង ជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី

ភ្នំពេញ ៖ កម្ពុជានឹងពង្រឹងការអនុវត្ត នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តការងារការទូតបុរេសកម្ម វាងវៃ និងបត់បែនក្នុងការពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវឌ្ឍសភាពការណ៍ ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក។ នេះតាមលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ ។

ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស នាថ្ងៃ១ មីនា លោក អ៊ុច បូររិទ្ធ បានថ្លែងថា នៅក្នុងឆ្នាំ២០២៣ ពិភពលោកត្រូវបានព្យាករណ៍ថា នឹងបន្តវិវត្តក្នុងភាពមិនប្រាកដប្រជា ស្មុគស្មាញ និងពិបាកប៉ានស្មានបំផុត បង្កឡើងដោយបញ្ហាក្តៅៗជាច្រើន រួមមាន៖ ការបន្តប្រណាំងប្រជែងខាងភូមិសាស្ត្រ នយោបាយនិងយុទ្ឋសាស្ត្រ កាន់តែស្រួចស្រាល់របស់មហាអំណាច ជាពិសេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក , ការបន្តអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែន ជាមួយនឹងហានិភ័យកាន់តែធំឡើង នៃការរាលដាល និងការប្រើប្រាស់អាវុធនុយក្លេរអ៊ែរ , ការគំរាមកំហែងអាវុធនុយក្លេរអ៊ែរ , វិបត្តិក្នុងតំបន់ និងក្រៅតំបន់ ដែលកាន់តែរអិលទៅរកចំណុចគ្រោះថ្នាក់ និងបញ្ហាកាន់តែស្មុគស្មាញពាក់ព័ន្ធនឹងសន្តិសុខប្រពៃណី និងមិនប្រពៃណីនានា និងបញ្ហាអតិផរណា និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

ដោយសារបញ្ហាទាំងអស់នេះស្ថិតក្នុងបរិការណ៍ដ៏គ្រោះថ្នាក់ លោករដ្ឋមន្ត្រីប្រតិភូ គូសបញ្ជាក់ថា “កម្ពុជានឹងពង្រឹងការអនុវត្ត នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តការងារការទូតបុរេសកម្ម វាងវៃ និងបត់បែនក្នុងការពង្រឹង ទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវឌ្ឍសភាពការណ៍ ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក ។ យើងនឹងបន្តប្តេជ្ញាការពារ នូវផលប្រយោជន៍ស្នូលរបស់ជាតិ ពោលគឺការពារអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យភាពកម្ពុជា ការពារសន្តិភាព ស្ថិរភាពក្នុងប្រទេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមផែនការយុទ្ធសាស្ត្រជាតិ” ។

លោកបន្ថែមថា ក្រសួងក៏នឹងបន្តអនុវត្តការទូតវប្បធម៌ រួមមានការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ សិល្បៈ និងម្ហូបអាហារ ក្នុងស្មារតីបង្កើត និងបង្កើនអំណាចស្រទន់ និងការស្គាល់កម្ពុជាលើឆាកអន្តរជាតិ ។ ជាមួយគ្នានេះ ក្រសួងនឹងបន្តខិតខំចូលរួមក្នុងការកៀរគរទុនវិនិយោគបរទេស ភ្ញៀវទេសចរណ៍ និងផ្សព្វផ្សាយពង្រីកទីផ្សារថ្មីដើម្បីជំរុញផលិតកម្មក្នុងស្រុក៕

To Top