ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នឹងរៀបព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីអបអរសាទរខួប៣ឆ្នាំ នៃលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ នាថ្ងៃ២ មីនា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីកៀរគរថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
ក្រសួងបញ្ជាក់ថា «នៅមិនដល់មួយសប្តាហ៍ទៀតទេ បងប្អូននឹងបានជួបជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរសាទរខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន ដែលមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដាក់ដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែង ពីសិល្បករ-សិល្បការិនីល្បីៗផងដែរ»។
ក្រសួងបន្ថែម ប្រជាពលរដ្ឋអាចចូលរួម ដោយសេរី និងឥតគិតថ្លៃ ព្រមទាំងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ។ កម្មវិធីនេះ រៀបចំឡើងក្រោម គំនិតផ្តួចផ្តើមរបស់ ក្រសួងសាធារណការ ដោយមានការរៀបចំ ពីគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់ លេខចុះបញ្ជីរថយន្តផងដែរ។
សូមបញ្ជាក់ថា «ផ្លាកលេខពិសេសផ្ទាល់ខ្លួន» ត្រូវបានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ត្រូវបានបោះពុម្ពដោយមានអក្សរ «កម្ពុជា» នៅផ្នែកខាងលើ និងមានការរួមបញ្ចូលគ្នាលេខឡាតាំង ឬអក្សរ ចាប់ពី១ ដល់ត្រឹម៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល។ ផ្លាកលេខនេះមាន QR Code នៅផ្នែកខាងស្តាំ ដែលមានបញ្ជាក់ព័ត៌មានស្តីពីរថយន្តនោះ។ គេអាចជ្រើសរើសផ្លាកលេខរថយន្តពិសេសនេះ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីរថយន្តតាមរយៈគេហទំព័រ vehicle.mpwt.gov.kh។ ផ្លាកលេខពិសេសនេះ មានជម្រើរហូតដល់ទៅ ៣.៥ទ្រីលាន៕