ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនី ប្រមាណជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ទិវាវប្បធម៌ជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជន ចូលរួមយ៉ាងសកម្មថែមទៀត លើការងារថែរក្សាវប្បធម៌ជាតិ ។ ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរ គ្រប់ជំនាន់ដែលបានពលីទាំងកម្លាំង កាយកម្លាំងចិត្តកម្លាំងបញ្ញា និងអាយុជីវិតក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃ បានដែលបន្សល់ទុក មកដល់កូន ចៅជំនាន់ក្រោយ ។

ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ទំនៀមទម្លាប់ប្រពៃណី និងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរ គ្រប់រូបក្នុងគោលបំណងធានា ឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នស្រប តាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

រាជរដ្ឋាភិបាល ក៏បានយកឱកាសនេះ ក្នុងការជួបជាមួយបងប្អូនអ្នក សិល្បៈគ្រប់ទម្រង់ ដើម្បីស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសរវាងប្រមុខរាជរដ្ឋាភិបាល និងសិល្បករសិល្បការិនី ដើម្បីរិះរកវិធី និង ជំរុញការអភិវឌ្ឍវិស័យសិល្បៈវប្បធម៌របស់កម្ពុជាឲ្យកាន់តែរីកចម្រើន ទៅមុខទៀត៕

