ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឱ្យយកចិត្តទុកដាក់ លើអក្សរសាស្ត្រខ្មែរ ក្រោយមានករណី សរសេរខុសឆ្គងច្រើន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើអក្សរសាស្ត្រខ្មែរ ក្រោយមានការប្រើប្រាស់ខុសឆ្គងច្រើន នៅលើតាមបណ្ដាញសង្គមហ្វេសប៊ុក។

នាឱកាសអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនីជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសក្រុមប្រឹក្សាជាតិភាសារខ្មែរ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការគ្នា រៀបចំបកប្រែភាសារបរទេសថ្មីៗ នៅក្នុងវិស័យសិល្បៈ ដែលកំពុងមានការប្រើប្រាស់តែច្រើនឡើងៗ ក្នុងបណ្ដាញសង្គម។

សម្ដេចតេជោ បញ្ជាក់ថា «ការខិតខំរបស់យើង ត្រូវយកចិត្តទុកដាក់ជាពិសេស ទៅលើបញ្ហាអក្សរសាស្ដ្រខែ្មរ មកដល់ពេលនេះ ការប្រើប្រាស់ភាសារខ្លះ ខ្ញុំ ឃើញថាការសរសេរ ដែរ ខ្ញុំទៅដែរ គឺមិនប្រើខ្ញុំទៅដែរទេ ខ្ញុំទៅដែល»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បន្ដថា នៅក្នុងទូរសព្ទនីមួយៗមាន វចនានុក្រម សម្តេចសង្ឃ ជួន ណាត សម្រាប់ស្វែងពាក្យគន្លឹះ ដូច្នេះ ត្រូវពង្រឹងប្រជាពលរដ្ឋ ចំពោះអក្សរសាស្ដ្រខ្មែរ៕

To Top