ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ស្នើបណ្តាវត្តអារាម ត្រូវមានភ្លេងពិណពាទ្យ និងភ្លេងឆៃយ៉ាំ

ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្ស និងកាត់បន្ថយការចាក់មេក្រូ ក្នុងកម្មវិធីបុណ្យទាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាវត្តអារាមនៅទាំងប្រទេស ត្រូវតែមានភ្លេងពិណពាទ្យ និងភ្លេងឆៃយ៉ាំ។

ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារ សាម គ្គីជាមួយសិល្បករសិល្បការិនីនារសៀលថ្ងៃទី២មីនាឆ្នាំ២០២៣នៅសាលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«នៅតាមទីអារាម នានាជួយលើកបញ្ហាយ៉ាងហោចណាស់មានចំនួនពីរគឺទាក់ទងនិងភ្លេងពិណពាទ្យ និងឆៃយ៉ាំ»។

សម្តេចបានលើកឡើងថាភ្លេងពិណពាទ្យត្រូវទុកនៅតាមទីអារាម អីចឹងទេ ចំណុចនេះគួរត្រូវលើកទឹកចិត្តដល់ ពុទ្ធបរិស័ទជួយដល់ព្រះសង្ឃ ដើម្បីទីអារាមមានភ្លេងពិណពាទ្យ ។

សម្តេចតេជោ ក៏បានឲ្យដឹងថាភ្លេងពិណពាទ្យបច្ចុប្បន្នមាននៅតាមវត្តអារាម ប្រមាណ៤ពាន់វត្ត ឬទីអារាម ។ ប្រសិនបើមានប្រហែល៥០% ក៏យើងមាន២ពាន់វង់ភ្លេងពិណពាទ្យដែរ អីចឹងក្នុងចំណោម ភ្លេងពិណពាទ្យក្នុងមួយវង់មនុស្ស ចំនួន៦ឬ៧នាក់ តើយើងបណ្តុះបណ្តាលជាមួយកុមារ ឬយុវជន ឬអ្នកកាន់ភ្លេងពិណពាទ្យនេះបានប៉ុន្មាន។

សម្តេចបានលើកឡើងថាការដែលធ្វើបែបនេះ គឺជាការថែរក្សាមរតកដូនតារបស់យើង។ វង់ភ្លេងសម័យ ជារឿងរបស់គេ ប៉ុន្តែភ្លេងពិណពាទ្យគឺជារឿងកម្រមួយ ដែលអាចដាក់ នៅតាមសាលាវិចិត្រសិល្បៈនានាបាន។

សម្តេចបញ្ជាក់បន្ថែមថា«ភ្លេងពិណពាទ្យនេះនៅតាមវត្តអារាមត្រូវមានច្រើនជាងគេ ដូច្នេះខ្ញុំ សូមអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រះចៅអធិការវត្ត ក៏ដូចជាគណៈកម្មការវត្តបង្កើន ការយកចិត្តទុកដាក់ ទាក់ទាញ ការចូលរួមពីសប្បុរស ពុទ្ធបរិស័ទជើងវត្ត ឬអ្នកមានធនធានដើម្បីឲ្យទីអារាមមានភ្លេងពិណពាទ្យ»។

ជាមួយគ្នានោះដែរ សម្តេចតេជោ បានលើកឡើងថានៅតាមទីវត្តអារាមក៏ត្រូវមានភ្លេង ឆៃយ៉ាំផងដែរ។ នៅតាមវត្តអារាមមិនជាច្រើននោះទេ តែយ៉ាងហោចណាស់ត្រូវតែ មានភ្លេងពិណពាទ្យ និងភ្លេចឆៃយ៉ាំ ដែលធ្វើឲ្យទីអារាមអាចចូលរួមចំណែក ជួយដល់អភិរក្ស នៃវង់ភ្លេងបុរាណរបស់យើង។

សម្តេចគូសបញ្ជាក់ថា៖«ភ្លេងពិណពាទ្យមិនមែនតែតម្រូវការក្នុងទីអារាមទេ វាមានតម្រូវការនៅតាមពិធីបុណ្យទាន ទាំងបុណ្យសពបច្ច័យបួនឬបុណ្យផ្សេងៗ នៅតាមគេហដ្ឋាន ដែលប្រជាពលរដ្ឋអាចទៅសុំខ្ចី ឬក៏ព្រះសង្ឃអាចជួយ ដល់ប្រជាពលរដ្ឋ ក្នុងការប្រើភ្លេងពិណពាទ្យជំនួស ការចាក់ភ្លេងពិណពាទ្យ។ នេះជាចំណុចដែល យើងគួរយកចិត្តទុកដាក់»៕

To Top